យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃសុក្រ (២០ កុម្ភៈ) នេះ បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបានថ្លែងបើកសមាជបក្សលើកទី៩ ដ៏សំខាន់របស់ទីក្រុងព្យុងយ៉ាងថា ប្រទេសរបស់លោក បានយកឈ្នះលើវិបត្តិសេដ្ឋកិច្ច និងសម្រេចបានគោលដៅសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។

សមាជបក្ស ដែលបានបើកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតរបស់កូរ៉េខាងជើង ដែលប្រារព្ធឡើងជារៀងរាល់ ៥ឆ្នាំម្តង ដើម្បីពិនិត្យមើលឡើងវិញនូវការអនុវត្តការងារ កំណត់គោលដៅគោលនយោបាយថ្មី និងដែលអាចនាំមកនូវការផ្លាស់ប្តូរតួនាទីថ្នាក់ដឹកនាំ ក្រោមការដឹកនាំរបស់មេបញ្ជាការកំពូល គីម ជុងអ៊ុន។
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក គីម បាននិយាយថា កូរ៉េខាងជើង សម្រេចបាន «សមិទ្ធផលសំខាន់ៗ» ក្នុងពេល ៥ឆ្នាំកន្លងមកនេះ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ការពារជាតិ វប្បធម៌ និងការទូត ដោយបានបង្កើនការពឹងផ្អែកលើខ្លួនឯង។ លោកបន្តថា សម្រាប់ពិភពលោកខាងក្រៅ កូរ៉េខាងជើងបាននាំមកនូវ «ការផ្លាស់ប្តូរដ៏ធំ» មួយនៅក្នុងទំនាក់ទំនងជាមួយប្រទេសដទៃទៀត និងទិដ្ឋភាពភូមិសាស្ត្រនយោបាយសកល។
លោក គីម មិនបានលើកឡើងចំៗអំពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ឬប្រទេសជិតខាងកូរ៉េខាងត្បូង នៅក្នុងសុន្ទរកថានោះទេ ហើយក៏មិនបានលើកពីកិច្ចប្រឹងប្រែងរបស់កូររ៉េខាងជើង ក្នុងការអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរនោះដែរ។ KCNA បានរាយការរណ៍ថា ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីសមាជិក ៥ពាន់នាក់ នៃគណបក្សពលករដែលកំពុងកាន់អំណាច ហើយគោលដៅ និងផែនការថ្មីៗនៅងវិស័យផ្សេងៗសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ក៏ត្រូវបានដាក់ជូននៅក្នុងសមាជដ៏សំខាន់នេះផងដែរ៕



