អាជ្ញាធរសមុទ្រដាណឺម៉ាក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានឃាត់ទុកនាវាដឹកទូកុងតឺន័រមួយគ្រឿងដោតទង់ជាតិអ៊ីរ៉ង់ ដែលបានបោះយុថ្កានៅដែនទឹកប្រទេសនៅណ័រឌីកមួយនេះ ដោយផ្អែកលើក្តីបារម្ភថា ពុំបានចុះបញ្ជីឲ្យបានត្រឹមត្រូវ ។

អាជ្ញាធរដាណឺម៉ាកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រតាមអ៊ីម៉ែលថា នាវាប្រើប្រាស់ឈ្មោះ “Nora”ដោយផ្អែកលើទិន្នន័យ LSEG ដំបូងឡើយធ្វើនាវាចរណ៍ក្រោមទង់ជាតិកូម៉ូរ៉ូស ប៉ុន្តែកូម៉ូរ៉ូស បានជូនដំណឹងទៅដាណឺម៉ាថា នាវានេះ ពុំត្រូវបានរកឃើញនៅក្នុងបញ្ជីឈ្មោះរបស់ខ្លួននោះឡើយ ។
ពួកគេបន្តថា នាវាមួយគ្រឿងនេះ នឹងត្រូវឃាត់ខ្លួនរហូតដល់រដ្ឋទង់ជាតិ អាចបញ្ជាក់ប្រាប់អាជ្ញាធរសមុទ្រដាណឺម៉ាកថា ពួកគេត្រូវបានចុះបញ្ជី និងត្រូវបានផ្តល់ឯកសារយ៉ាងពេញលេញ ។ ការត្រួតពិនិត្យនឹងត្រូវធ្វើ ពេលដែលស្ថានភាពអាកាសធាតុមានសុវត្ថិភាព ។
យោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ដាណឺម៉ាក TV2ដែលបានរាយការណ៍ដំបូងពីព័ត៌មាននេះ បានឲ្យដឹងថា នាវាមួយគ្រឿងនេះ បានប្តូរទង់ជាតិពីកូម៉ូរ៉ូស មកជាអ៊ីរ៉ង់វិញ កាលពីថ្ងៃពុធ ៕
