នៅក្នុងសុន្ទរកថាគោលនយោបាយលើកដំបូងរបស់លោកស្រីទៅកាន់សភា កាលពីថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦) នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានអំពាវនាវឲ្យបញ្ចប់ «ការរឹតត្បិតហួសហេតុ» ដើម្បីជំរុញការវិនិយោគក្នុងស្រុក និងបានគូសបញ្ជាក់ពីរបៀបវារៈសន្តិសុខដ៏រឹងមាំមួយ ដើម្បីពង្រឹងសម្ព័ន្ធភាព និងចារកម្មជាតិ។
អំឡុងពេលថ្លែងទៅកាន់សម័យប្រជុំពេញអង្គនៃសភាទាំង២ លោកស្រី Takaichi បានគាំទ្រជាថ្មីម្តងទៀត ចំពោះ «គោលនយោបាយសារពើពន្ធប្រកបដោយការទទួលខុសត្រូវ និងសកម្ម» ដើម្បីជំរុញការវិនិយោគក្នុងស្រុក។ នៅពេលដើមដំបូងនៃសុន្ទរកថារបស់លោកស្រី លោកស្រី Takaichi បាននិយាយថា លោកស្រីនឹង «លើកកម្ពស់គោលនយោបាយសេដ្ឋកិច្ចរឹងមាំ និងគោលនយោបាយការបរទេស និងសន្តិសុខដ៏ខ្លាំងក្លា»។ ពាក់ព័ន្ធគោលនយោបាយសេដ្ឋកិច្ច លោកស្រីបានលើកជាសំណួរថា៖ «ហេតុអ្វីខ្វះខាតការវិនិយោគក្នុងស្រុកខ្លាំងម៉្លេះ?»។

ចំណែកចក្ខុវិស័យគោលនយោបាយការបរទេសឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) របស់លោកស្រី នឹងត្រូវបាន «ធ្វើបច្ចុប្បន្នភាពថ្មី និងលើកកម្ពស់» ដោយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ សម្រាប់ធនធានរ៉ែសំខាន់ៗ និងពង្រីកកម្មវិធីជំនួយសន្តិសុខផ្លូវការ ដែលផ្តល់ឧបករណ៍ផ្នែកការពារជាតិដល់ប្រទេសដទៃទៀតដោយមិនគិតថ្លៃ។
ជាមួយគ្នានេះ លោកស្រី Takaichi បានបញ្ជាក់ថា លោកស្រីនឹងធ្វើទស្សនកិច្ចសហរដ្ឋអាមេរិក នៅខែមីនា ដើម្បីពង្រឹងទំនាក់ទំនងការជឿជាក់របស់លោកស្រីជាមួយប្រធានាធិបតី លោក Donald Trump បន្ថែមទៀត។ លោកស្រីក៏បានប្រកាសពីចេតនារបស់លោកស្រី ក្នុងការ «ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខពហុភាគី» ជាមួយប្រទេសផ្សេងទៀត ដូចជាកូរ៉េខាងត្បូង និងអូស្ត្រាលី ដោយមានសម្ព័ន្ធភាពជប៉ុន-សហរដ្ឋអាមេរិកជាមូលដ្ឋានគ្រឹះ។
ទន្ទឹមនឹងនេះ ទាក់ទងនឹងប្រទេសចិន ដែលជប៉ុនបានធ្វើឲ្យមានទំនាក់ទំនងតានតឹង លោកស្រីបានបញ្ជាក់ជាថ្មីនូវគោលនយោបាយធម្មតានៃ «ការលើកកម្ពស់ទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងទូលំទូលាយ ដោយផ្អែកលើផលប្រយោជន៍យុទ្ធសាស្ត្ររួម និងបង្កើតទំនាក់ទំនងស្ថាបនា និងស្ថិរភាព»។
តែយ៉ាងណាក្ដី លោកស្រី Takaichi បានបន្ថែមថា ជប៉ុននឹង «ឆ្លើយតបដោយស្ងប់ស្ងាត់ និងសមស្របដោយឈរលើផលប្រយោជន៍របស់ជាតិ»៕
