សម្ព័ន្ធអារ៉ាប់ អេហ្ស៊ីប និងអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃសៅរ៍ បានថ្កោលទោសចំពោះការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ៊ីស្រាអែល លោក Mike Huckabee ដែលថាអ៊ីស្រាអែលមានសិទ្ធិទាមទារការគ្រប់គ្រងមជ្ឈិមបូព៌ាទាំងមូល។

អគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul-Gheit បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកឡើងរបស់លោក Huckabee ដែលមិនសមហេតុផល គឺមិនស្របនឹងគោលការណ៍ជាមូលដ្ឋាន និងបទដ្ឋានការទូតដែលបានបង្កើតឡើងនោះទេ។
លោកបានថ្លែងថា ការអត្ថាធិប្បាយទាំងនោះ «បម្រើតែដើម្បីបញ្ឆេះភាពតានតឹង និងញុះញង់អារម្មណ៍ជ្រលជ្រៅនៃជំនឿសាសនា និងស្នេហាជាតិ» នៅពេលដែលប្រទេសនានា កំពុងស្វែងរកវិធី ដើម្បីអនុវត្តបទឈប់បាញ់ នៅតំបន់ហ្កាហ្សា និង «ឆ្លៀតឱកាស ដើម្បីចាប់ផ្តើមដំណើរការនយោបាយដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព»។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសអេហ្ស៊ីបកាលពីថ្ងៃសៅរ៍ បានសម្តែង «ការភ្ញាក់ផ្អើល» របស់ខ្លួនចំពោះការលើកឡើងទាំងនេះ ដោយពណ៌នាអំពីពួកវាថា ជា «ការរំលោភបំពានយ៉ាងច្បាស់លាស់» នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕
