អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer កាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ បាននិយាយថា គ្មានប្រទេសណាមួយដែលបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បង្ហាញពីផែនការដកខ្លួនចេញបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃសុក្រដែលបានលុបចោលការដំឡើងពន្ធរបស់លោកប្រធានាធិបតី Donald Trump នោះទេ។

លោក Greer បានប្រាប់កម្មវិធី Face the Nation របស់សារព័ត៌មាន CBS News ថា លោកបានពិភាក្សាជាមួយសមភាគីរបស់លោកមកពីសហភាពអឺរ៉ុបរួចហើយ ហើយនឹងពិភាក្សាជាមួយមន្ត្រីមកពីប្រទេសដទៃទៀត។ លោក Greer បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយលើកដំបូងអំពីសេចក្តីសម្រេចរបស់តុលាការកំពូលថា «ខ្ញុំមិនបានទទួលដំណឹងពីនរណាម្នាក់ដែលមករកខ្ញុំ ហើយនិយាយថាកិច្ចព្រមព្រៀងនេះត្រូវបានលុបចោលនៅឡើយទេ»។
លោក Trump កាលពីថ្ងៃសុក្រ បានដាក់ដាក់ការដំឡើងពន្ធបណ្ដោះអាសន្ន១០ភាគរយ បន្ទាប់ពីតុលាការកំពូលបានលុបចោលកម្មវិធីដំឡើងពន្ធកាលពីពេលមុនរបស់លោក ដែលផ្អែកលើច្បាប់គ្រាអាសន្នសេដ្ឋកិច្ច។

លោក Greer បានប្រាប់សារព័ត៌មាន CBS ថា សេចក្តីសម្រេចរបស់ប្រធានាធិបតីក្នុងការដំឡើងអត្រាពន្ធបណ្ដោះអាសន្នបន្ទាប់ពីតិចជាង ២៤ម៉ោង បានបង្ហាញពី «ភាពបន្ទាន់នៃស្ថានភាព» និងតម្រូវការក្នុងការកាត់បន្ថយអ្វីដែលលោកហៅថាជាអតុល្យភាពពាណិជ្ជកម្មដ៏ធំជាមួយប្រទេសដទៃទៀត។