មន្ត្រីសន្តិសុខប៉ាគីស្ថានម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបំផ្លាញជំរំ Tehreek-e-Taliban Pakistan (TTP) ចំនួន ៧ និងបានសម្លាប់ជនសកម្មប្រយុទ្ធជាង ៨០នាក់ ដោយក្រុមតាលីបង់អាហ្វហ្គានីស្ថានចោទប្រកាន់កងកម្លាំងប៉ាគីស្ថានថា បានសម្លាប់ជនស៊ីវិលនៅក្នុងការវាយប្រហារនេះ។

ការវាយប្រហារតាមអាកាសកាលពីថ្ងៃសៅរ៍ បានកើតឡើង បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់នៅក្នុងប្រទេសប៉ាគីស្ថាន ស្របពេលមានការកើនឡើងនៃអំពើហិង្សា។ អាជ្ញាធរនិយាយថា ការវាយប្រហារទាំងនោះ ជាពិសេសនៅក្នុងខេត្ត Khyber Pakhtunkhwa និងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន ត្រូវបានធ្វើឡើងដោយ TTP និងក្រុមសម្ព័ន្ធមិត្ត ដែលទីក្រុងអ៊ីស្លាម៉ាបាដអះអាងថា កំពុងប្រតិបត្តិការពីកន្លែងលាក់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ទីក្រុងកាប៊ុលបានបដិសេធអះអាងនេះ។

យោងតាមក្រសួងព័ត៌មានរបស់ប្រទេសប៉ាគីស្ថាន ហេតុការណ៍ថ្មីៗរួមមានការបំផ្ទុះគ្រាប់បែកអត្តឃាត នៅវិហារអ៊ីស្លាមស៊ីអ៊ីតមួយ ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ការវាយប្រហារដាច់ដោយឡែកនៅក្នុងស្រុក Bajaur និង Bannu និងហេតុការណ៍ថ្មីៗមួយទៀតនៅក្នុងស្រុក Bannu ក្នុងអំឡុងពេលខែបុណ្យរ៉ាម៉ាឌនដ៏ពិសិដ្ឋ ដែលបានចាប់ផ្តើមនៅដើមសប្តាហ៍មុន។ រដ្ឋាភិបាលបាននិយាយថា ខ្លួនមាន «ភស្តុតាងច្បាស់លាស់» ដែលភ្ជាប់ការវាយប្រហារទាំងនោះទៅនឹងក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយថ្នាក់ដឹកនាំដែលមានមូលដ្ឋាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕