នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះចម្បាំង និងយន្តហោះដឹកជញ្ជូនមួយចំនួនធំទៅកាន់មូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី ដែលជាការកើនឡើងគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងកម្រិតនៃការដាក់ពង្រាយធម្មតានៅមូលដ្ឋាននេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃសៅរ៍។

ដោយដកស្រង់សម្តីមន្ត្រីហ្ស៊កដានីអនាមិកមួយចំនួន សារព័ត៌មាន Roya News បានរាយការណ៍ថា ការដាក់ពង្រាយនេះ ត្រូវបានធ្វើឡើង ស្របតាមកិច្ចព្រមព្រៀងការពារជាតិដែលបានចុះហត្ថលេខារវាងហ្ស៊កដានី និងសហរដ្ឋអាមេរិក នៅទីក្រុងអាម៉ាន់ ក្នុងឆ្នាំ ២០២១។

មន្ត្រីទាំងនោះ បានសម្តែងក្តីសង្ឃឹមថា ការចរចាដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងសម្រេចបាននូវកិច្ចព្រមព្រៀងមួយ និងជួយទប់ស្កាត់ការផ្ទុះឡើងនៃសង្គ្រាមនៅក្នុងតំបន់។
ដោយឡែកពីគ្នានេះ កាសែត The New York Times (NYT) ថ្មីៗនេះ បានរាយការណ៍ថា រូបភាពផ្កាយរណបដែលថតនៅថ្ងៃទី ២០ ខែកុម្ភៈ បានបង្ហាញថា សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះចម្បាំងជាង ៦០គ្រឿង នៅមូលដ្ឋានទ័ពអាកាសហ្ស៊កដានី ប្រហែលបីដងនៃចំនួនដែលជាធម្មតាឈរជើងនៅមូល ដ្ឋាន។
របាយការណ៍បានបន្ថែមថា រូបភាពផ្កាយរណបបានបង្ហាញពីវត្តមាននៃម៉ូដែលយន្តហោះទំនើបជាង ម៉ូដែលដែលបានសង្កេតឃើញពីមុន នៅមូលដ្ឋាននេះ រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35។ លើសពីនេះ ប្រព័ន្ធការពារដែនអាកាសថ្មី ក៏ត្រូវបានដំឡើងផងដែរ៕