ប្រជាពលរដ្ឋខ្មែរ បានបន្តអំពាវនាវដោយរំពឹងថា សហរដ្ឋអាម៉េរិក នឹងកាន់តែចូលរួមខ្លាំងជាងមុនក្នុងការអន្តរាគមន៍ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ក្រោមពាក្យថាសន្តិភាព ក្រោយពេលកម្ពុជាបានចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលត្រូវបានបង្កើតឡើងដោយប្រធានាធិបតីអាម៉េរិកនោះ ។

ស្របពេលដែលស្ថានការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅមានលក្ខណៈផុយស្រួលនោះប្រជាពលរដ្ឋកម្ពុជាបានបន្តផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ ពិសេសមហាអំណាចធំៗ ដូចជាសហរដ្ឋអាម៉េរិក និងចិន ដែលធ្លាប់បានចូលមកធ្វើជាអាជ្ញាកណ្ដាលក្នុងការធ្វើឱ្យមានបទឈប់បាញ់រវាងយោធាកម្ពុជា និងថៃនោះ មេត្តាបន្តជួយអន្តរាគមន៍ឱ្យកាន់តែសកម្មដើម្បីបញ្ចប់ការប៉ះទង្គិចដោយប្រដាប់អាវុធដោយសារបញ្ហាព្រំដែននេះ។
ក្នុងកាលៈទេសៈដែលអាម៉េរិកជាស្ថានិក នៃការបង្កើតក្រុមប្រឹក្សាសន្តិភាពផងនោះ ពលរដ្ឋខ្មែរ គឺរំពឹងថា អាម៉េរិក នឹងជួយក្រឡេកមើលមកកាន់កម្ពុជាផង ដែលជាជនរងគ្រោះពិតប្រាកដក្នុងអំពើឈ្លានពានព្រោះកម្ពុជា ជាប្រទេសតូចដែលត្រូវការតែសន្តិភាពប៉ុណ្ណោះ។

គួររំលឹកថា កាលពីពេលថ្មីៗ ក្នុងដំណើរអញ្ជើញចូលរួមប្រជុំក្នុងនាមជាសមាជិកក្នុងក្រុមប្រឹក្សាសន្តិភាព ដែលរៀបចំឡើងដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកយកបញ្ហាព្រំដែនដែលថៃរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់ ហើយបើកការឈ្លានពានមកលើទឹកដីកម្ពុជា បង្ហាញប្រាប់ទៅកាន់ពិភពលោក តាមរយៈសារព័ត៌មានធំៗ របស់សហរដ្ឋអាម៉េរិក ដើម្បីចង់ឲ្យពិភពលោកទាំងមូលបានដឹងពីការពិត និងជួយអន្តរាគមន៍រកយុត្តិធម៌ជូនអ្នករង គ្រោះពិតប្រាកដ៕ អត្ថបទ៖ លីហេង



