អ៊ីរ៉ង់បានបង្ហាញថា ខ្លួនត្រៀមរួចជាស្រេច ដើម្បីធ្វើសម្បទានលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ជាថ្នូរនឹងការលើកលែងទណ្ឌកម្ម និងការទទួលស្គាល់សិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ខណៈដែលប្រទេសនេះកំពុងប្រឹងប្រែងបញ្ចៀសការវាយប្រហារពីសហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា ភាគីទាំង២ នៅតែមានការខ្វែងគំនិតយ៉ាងខ្លាំង សូម្បីតែជុំវិញវិសាលភាព និងលំដាប់នៃការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានការចរចា ២ជុំ។
តែយ៉ាងណាក្ដី សារព័ត៌មាន Reuters កំពុងរាយការណ៍ជាលើកដំបូង ដែលថា អ៊ីរ៉ង់កំពុងផ្តល់សម្បទានថ្មី ចាប់តាំងពីការចរចារបស់ពួកគេ បានបញ្ចប់កាលពីសប្តាហ៍មុន នៅពេលដែលភាគីទាំង២ ហាក់ដូចជានៅតែមានគំនិតខុសគ្នាឆ្ងាយដដែល និងខិតទៅកៀកការមានជម្លោះយោធា។ បណ្ដាអ្នកវិភាគ លើកឡើងថា ចំណាត់ការនេះ បង្ហាញថា ទីក្រុងតេអេរ៉ង់កំពុងព្យាយាមរក្សាការទូតឲ្យនៅដំណើរការ និងទប់ស្កាត់ការវាយប្រហារដ៏ធំរបស់សហរដ្ឋអាមេរិក។

មន្ត្រីរូបនេះបានឲ្យដឹងទៀតថា ទីក្រុងតេអេរ៉ង់នឹងពិចារណាយ៉ាងម៉ត់ចត់ អំពីការរួមបញ្ចូលគ្នានៃការបញ្ជូនចំនួនពាក់កណ្ដាលនៃសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់ហើយកម្រិតខ្ពស់បំផុតរបស់ខ្លួន ទៅក្រៅប្រទេស ដោយធ្វើឲ្យខ្សោយផ្នែកនៅសល់ ហើយចូលរួមបង្កើតសម្ព័ន្ធភាពសមាគមចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងតំបន់ ជាគំនិតដែលត្រូវបានលើកឡើងជាប្រចាំ ក្នុងរយៈពេលជាច្រើនឆ្នាំនៃការទូតដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។
មន្ត្រីរូបនោះបានបន្ថែមថា អ៊ីរ៉ង់នឹងធ្វើបែបនេះ ជាថ្នូរនឹងការទទួលស្គាល់របស់សហរដ្ឋអាមេរិក ចំពោះសិទ្ធិរបស់អ៊ីរ៉ង់ ក្នុងការ «ចម្រាញ់សារធាតុនុយក្លេអ៊ែរដោយសន្តិវិធី» ក្រោមកិច្ចព្រមព្រៀងមួយ ដែលក៏នឹងរួមបញ្ចូលផងដែរនូវការលើកលែងទណ្ឌកម្មសេដ្ឋកិច្ច។
លើសពីនេះ មន្ត្រីរូបនោះបានបញ្ជាក់ថា អ៊ីរ៉ង់បានផ្តល់ឱកាសឲ្យក្រុមហ៊ុនអាមេរិកចូលរួមជាអ្នកម៉ៅការ នៅក្នុងឧស្សាហកម្មប្រេង និងឧស្ម័នធំៗរបស់អ៊ីរ៉ង់ អំឡុងការចរចា ដើម្បីដោះស្រាយជម្លោះរាប់ទសវត្សរ៍ ជុំវិញសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
ពាក់ព័ន្ធនឹងការលើកឡើងរបស់មន្ត្រីអ៊ីរ៉ង់នេះ សេតវិមានមិនបានឆ្លើយតបភ្លាមៗ ចំពោះការស្នើសុំការអត្ថាធិប្បាយ៕
