នៅថ្ងៃចន្ទ (ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ លោកប្រធានាធិបតី Donald Trump បានចាប់ផ្ដើមការរិះគន់របស់លោកឡើងវិញ ចំពោះតុលាការកំពូលសហរដ្ឋអាមេរិក បន្ទាប់ពីតុលាការបានសម្រេចេជំទាស់នឹងវិធានការដំឡើងពន្ធដ៏ទូលំទូលាយរបស់លោក កាលពីសប្តាហ៍មុន ដោយលោកប្ដេជ្ញាថា នឹងងាកទៅរកសិទ្ធិអំណាច និងការអនុញ្ញាតផ្លូវច្បាប់ដំឡើងពន្ធផ្សេង ប៉ុន្តែមិនបានផ្តល់សេចក្ដីលម្អិតឡើយ។
លោក Trump បានសរសេរនៅលើបណ្ដាញសង្គមថា៖ «តុលាការក៏អនុញ្ញាតឲ្យប្រើប្រាស់វិធានការពន្ធគយនៅសល់ទាំងអស់ដោយស្របច្បាប់ ដែលមានច្រើន ហើយពួកវាទាំងអស់អាចត្រូវបានប្រើប្រាស់តាមវិធីដ៏មានឥទ្ធិពល និងខ្លាំងក្លាជាងមុន ដោយមានភាពប្រាកដប្រជាផ្នែកច្បាប់ ជាងវិធានការពន្ធដែលបានប្រើដំបូង»។
លោក Trump បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកថា លោកនឹងដំឡើងពន្ធបណ្ដោះអាសន្នពី ១០ ទៅ ១៥ភាគរយលើការនាំចូលទៅកាន់សហរដ្ឋអាមេរិកពីគ្រប់ប្រទេសទាំងអស់ ដែលជាកម្រិតអតិបរមាដែលត្រូវបានអនុញ្ញាតក្រោមច្បាប់ ពោលគឺមួយថ្ងៃបន្ទាប់ពីតុលាការបានសម្រេចថា លោក Trump បានទៅហួសពីសិទ្ធិអំណាចប្រធានាធិបតីរបស់លោក នៅពេលដែលលោកបានដាក់អត្រាពន្ធខ្ពស់លើទំនិញជាច្រើន ក្រោមច្បាប់គ្រាអាសន្នសេដ្ឋកិច្ច។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក តុលាការបានសម្រេចក្នុងសំឡេង ៦ទល់នឹង៣ ថា លោក Trump មិនមានសិទ្ធិអំណាច ក្នុងការដាក់អត្រាពន្ធ ដោយប្រើប្រាស់ច្បាប់ឆ្នាំ១៩៧៧ ដែលលោកបានពឹងផ្អែក ដើម្បីចេញកាតព្វកិច្ចពន្ធភ្លាមៗលើប្រទេសនីមួយៗនោះឡើយ៕