មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បានចោទប្រកាន់សហរដ្ឋអាមេរិកថា គ្រប់គ្រងមជ្ឈិមបូព៌ាតាមរយៈអ្វីដែលលោកបានពិពណ៌នាថា ជា «យុទ្ធសាស្ត្រអាមេរិកកាន់តែទូលំទូលាយ»។ នេះបើយោងតាមបទសម្ភាសន៍មួយដែលបានចេញផ្សាយដោយសារព័ត៌មាន Al-Ahed News កាលពីថ្ងៃចន្ទ។

លោក Qassem បាននិយាយនៅក្នុងបទសម្ភាសន៍ថា ទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់អ៊ីស្រាអែលជាឧបករណ៍មួយ ដើម្បីបង្កើតបរិយាកាសនយោបាយនៅក្នុងតំបន់នេះ ដោយលើកឡើងពីការទទួលស្គាល់របស់សហរដ្ឋអាមេរិកចំពោះក្រុងហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ការទទួលស្គាល់តំបន់ Golan Heights ជាទឹកដីអ៊ីស្រាអែល និងសង្គ្រាមនៅតំបន់ហ្កាហ្សា ជាភស្តុតាង។

លោកក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ត្រួតពិនិត្យការដឹកជញ្ជូនអាវុធ ការសម្របសម្រួលយោធា និងសម្ពាធនយោបាយលើរដ្ឋលីបង់ រួមទាំងការអំពាវនាវឲ្យដកហូតអាវុធពីក្រុមហេសបូឡា។
លោក Qassem បានលើកឡើងថា គោលនយោបាយត្រួតត្រាដោយកម្លាំងរបស់សហរដ្ឋអាមេរិក ត្រូវបានភ្ជាប់ទៅនឹងអ្វីដែលលោកហៅថា ជាការបញ្ចូលគ្នារវាងអនុត្តរភាពរបស់អាមេរិក និងគម្រោង «អ៊ីស្រាអែលដ៏អស្ចារ្យ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃចន្ទ បានសង្កត់ធ្ងន់លើភាពរឹងមាំនៃសម្ព័ន្ធភាពសហរដ្ឋអាមេរិក-អ៊ីស្រាអែល ដោយបន្ថែមថា យោធាមានសមត្ថភាពប្រយុទ្ធលើសមរភូមិច្រើនយ៉ាង ទោះបីជាមានជម្លោះជាងពីរឆ្នាំនៅតំបន់ហ្កាហ្សា តំបន់វេសបែង លីបង់ និងយេម៉ែន រួមទាំងសង្គ្រាមរយៈពេល ១២ថ្ងៃ ជាមួយអ៊ីរ៉ង់កាលពីរដូវក្តៅមុនក៏ដោយ។
ក្រុមហេសបូឡា និងអ៊ីស្រាអែល បានចូលរួមក្នុងការប្រយុទ្ធគ្នាឆ្លងព្រំដែន បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះហ្កាហ្សា ក្នុងខែតុលា ឆ្នាំ ២០២៣៕