ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រទេសនេះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះថ្មីៗនេះរវាងអ៊ីរ៉ាក់ និងគុយវ៉ែតទៅលើព្រំដែនសមុទ្ររបស់ពួកគេ។
ជម្លោះនេះ បានកើតឡើង បន្ទាប់ពីអ៊ីរ៉ាក់បានដាក់ស្នើផែនទី និងកូអរដោនេភូមិសាស្ត្រ ទៅអង្គការសហប្រជាជាតិ ដើម្បីកំណត់អ្វីដែលខ្លួននិយាយថា ជាតំបន់អ៊ីរ៉ាក់នៅក្នុងដែនទឹកឈូងសមុទ្រ ដែលតំបន់ខ្លះគុយវ៉ែតអះអាងថា រំលោភលើទឹកដីរបស់ខ្លួន។

អេហ្ស៊ីបបានព្រមានថា ការវិវត្តទាំងនេះ បានកើតឡើង នៅពេលវេលាដ៏សំខាន់មួយនៅក្នុងតំបន់ ចំពេលមានបញ្ហាប្រឈមធ្ងន់ធ្ងរ និងការកើនឡើងភាពតានតឹងដែលមិនធ្លាប់មានពីមុនមក ដោយជំរុញឲ្យ ប្រទេសទាំងពីរដោះស្រាយជម្លោះ ដោយផ្អែកលើការយោគយល់គ្នាទៅវិញទៅមក និងភាពជាអ្នកជិតខាងល្អ។
អេហ្ស៊ីបបានបញ្ជាក់ជាថ្មីអំពីតម្រូវការក្នុងការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងព្រំដែនសមុទ្ររបស់ប្រទេសគុយវ៉ែត។
អេហ្ស៊ីបបានសន្យាបន្ថែមទៀតថា នឹងត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រគ្រប់ទម្រង់ដល់ប្រទេសទាំងពីរ ដើម្បីជួយភ្ជាប់ទស្សនៈ និងឈានដល់ការយោគយល់គ្នាទៅវិញទៅមកសម្រាប់សន្តិសុខ និងស្ថិរភាព ក្នុងតំបន់៕
