អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានលើកឡើងពី «ឃ្លាំងអាវុធនុយក្លេអ៊ែរ» របស់អ៊ីស្រាអែលថា ជាឧបសគ្គចម្បងសម្រាប់ការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរ នៅមជ្ឈិមបូព៌ា។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេស លោក Kazem Gharibabadi ដែលបាននិយាយនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីការរំសាយអាវុធថា៖«ឃ្លាំងអាវុធនុយក្លេអ៊ែររបស់អ៊ីស្រាអែល គឺជាឧបសគ្គដ៏ធំនៅលើមាគ៌ានៃការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរ នៅមជ្ឈិមបូព៌ា។

លោកបានសង្កត់ធ្ងន់ថា៖«ការពឹងផ្អែកជាបន្តបន្ទាប់របស់រដ្ឋាភិបាលមួយចំនួនលើអាវុធនុយក្លេអ៊ែរ នៅក្នុងយុទ្ធសាស្ត្រសន្តិសុខរបស់ពួកគេ គឺផ្ទុយស្រឡះពីកាតព្វកិច្ចអន្តរជាតិរបស់ពួកគេ»។
អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់រូបនេះ បានបញ្ជាក់ម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ មានលក្ខណៈសន្តិភាពសុទ្ធសាធ។ លោកបាននិយាយថា៖«អ៊ីរ៉ង់មិនមានអាវុធនុយក្លេអ៊ែរទេ ហើយមិនកំពុងស្វែងរកការទទួលបានវាទេ» ដោយបន្ថែមថា កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសលោក «កំពុងត្រូវបានបង្កើតឡើងដោយផ្អែកលើការប្តេជ្ញាចិត្តផ្នែកច្បាប់ ក៏ដូចជាគោលការណ៍សីលធម៌របស់ប្រទេសដែលបដិសេធអាវុធប្រល័យលោក»។
លោកបានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយប្រទេសដទៃទៀត «ដើម្បីពង្រឹងស្ថាបត្យកម្មអន្តរជាតិនៃការរំសាយអាវុធ និងចលនាឆ្ពោះទៅរកពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ»៕
