ហ្វីលីពីន៖ រដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន នឹងបន្ថែមការហាមប្រាមលើអនីតិជន មិនឲ្យចាកចេញពីកន្លែងស្នាក់នៅរបស់ពួកគេ រួមទាំងយុវជនដែលមានអាយុរហូតដល់ ១៨ឆ្នាំរយៈពេលពីរសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃពុធនេះ ដោយបង្កើនការរឹតត្បិតវិធានការ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលថ្មីកើនឡើង។

អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងរណបម៉ានីលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយលើកឡើង ពីការព្រមព្រៀងរវាងអភិបាលក្រុងថា មានតែអ្នកដែលមានអាយុពី ១៨ ដល់ ៦៥ឆ្នាំឡើងទៅប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះរបស់ខ្លួន។ កាលពីចុងឆ្នាំមុន ប្រទេសហ្វីលីពីនបានចាប់ផ្តើមបន្ធូរបន្ថយវិធានការ ដែលមានរយៈពេលដ៏យូរបំផុត និងតឹងរ៉ឹងបំផុតមួយ ក្នុងចំណោមវិធានការនានារបស់ពិភពលោក តាមរយៈច្បាប់ដែលកំណត់ថា មនុស្សគ្រប់រូបអាយុក្រោម ១៥ឆ្នាំត្រូវតែស្នាក់នៅក្នុងផ្ទះ ក្នុងទីក្រុងម៉ានីលដែលនៅតែបន្តអនុវត្តន៍។
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានមើលឃើញពីការកើនឡើងករណីជំងឺ COVID-19 នៅក្នុងខែនេះ ដោយកត់ត្រាពីការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីពាក់កណ្តាលខែសីហា កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ដោយមានការឆ្លងថ្មីចំនួន ៥.៤០៤នាក់។ បម្រាមគោចរពេលយប់ត្រូវបានអនុវត្តន៍ឡើងវិញតាំងពីថ្ងៃច័ន្ទ ក្នុងរយៈពេលពីរសប្ដាហ៍នៅទីក្រុងម៉ានីល ជាចំណុចឆ្លងខ្លាំងបំផុតនៃវីរុសកូរ៉ូណារបស់ប្រទេសនេះ ជាទីដែលមានប្រជាពលរដ្ឋជាង ១២ លាននាក់រស់នៅ៕
អត្ថបទ៖ សុខមាន