អ្នកជម្លៀសខ្លួនវេជ្ជសាស្រ្តប៉ាឡេស្ទីន និងសាច់ញាតិរបស់ពួកគេ ដែលបានធ្វើដំណើរចេញពីតំបន់ហ្កាហ្សាចូលទៅក្នុងប្រទេសអេហ្ស៊ីប បាននិយាយរៀបរាប់ពីការដួលរលំប្រព័ន្ធថែទាំសុខភាពដែលធ្វើឲ្យពួកគេមានជម្រើសតិចតួច ប៉ុន្តែត្រូវតែស្វែងរកការព្យាបាលនៅបរទេស ។
អ្នកជំងឺ និងជនប៉ាឡេស្ទីនរងរបួស ដែលបានធ្វើដំណើមកដល់ក្នុងសប្តាហ៍នេះ នៅមន្ទីរពេទ្យក្នុងទីក្រុង Arish និងទីក្រុង Sheikh Zuweid ខេត្ត North Sinai ប្រទេសអេហ្ស៊ីប និយាយថា ការទទួលបានការថែទាំសុខភាពត្រូវការបន្ទាន់នៅតំបន់ហ្កាហ្សា ពិតជាពិបាកខ្លាំងណាស់ ។
អ្នកស្រី Iman Sonbot ដែលជាអ្នកជំងឺភ្នែកឡើងបាយមួយរូបទទួលបានការព្យាបាលនៅមន្ទីរពេទ្យព្យាបាលជំងឺទូទៅ Arishនិយាយថា ស្ថានភាពជំងឺរបស់គាត់ កាន់តែធ្ងន់ធ្ងរខ្លាំង អស់រយៈពេលជាច្រើនខែមកហើយ ។
អ្នកស្រី Sonbot និយាយថា គ្មានមន្ទីរពេទ្យភ្នែកជំនាញភ្នែកឡើងបាយនោះទេ ។ គ្មានគ្រូពេទ្យព្យាបាលភ្នែកឡើងបាយទាល់តែសោះតែម្តង ។ ពេលដែលគាត់ឈឺខ្លាំង វាពិបាកណាស់ឲ្យគាត់ទៅពេទ្យ ស្វែងរកគ្រូពេទ្យ ។
ច្រកឆ្លងកាត់ព្រំដែន Rafah គឺជាច្រកចេញ-ចូលតែមួយគត់សម្រាប់ពលរដ្ឋជាង ២លាននាក់នៅតំបន់ហ្កាហ្សា ។ ការបើកច្រកឡើងវិញកាលពីថ្ងៃទី ២ ខែកុម្ភៈ គឺជាចំណុចដ៏សំខាន់មួយនៃផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការបញ្ចប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ៕