ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានព្រមានថា លោកស្រីអាចនឹងមានចំណាត់ការផ្លូវច្បាប់ បន្ទាប់ពីការលើកឡើងរបស់មហាសេដ្ឋីបច្ចេកវិទ្យាស្តាំនិយម លោក Elon Musk ដោយចោទប្រកាន់លោកស្រីថា មានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀន។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោកស្រីប្រធានាធិបតី ត្រូវបានគេសួរសម្រាប់ការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Musk ។ លោក Musk បាននិយាយអំពីលោកស្រីថា បានជាប់ពាក់ព័ន្ធជាមួយក្រុមជួញដូរគ្រឿងញៀន។
លោកស្រី បាននិយាយថា «យើងកំពុងពិចារណាថាតើត្រូវចាត់វិធានការផ្លូវច្បាប់ណាមួយ ឬយ៉ាងណា» ខណៈមេធាវីកំពុងស៊ើបរឿងនេះ។ ក្រោយមក លោកស្រីបានបន្តពណ៌នាអំពីការចោទប្រកាន់ដែលថា លោកស្រីដឹកនាំ «រដ្ឋាភិបាលគ្រឿងញៀន» ថា «មិនសមហេតុផល» និងបង្ហាញពីភាពមិនពិតទាល់តែសោះ។

លោកស្រី Sheinbaum បានប្រឈមទៅនឹងការរិះគន់ចំពោះគោលនយោបាយសន្តិសុខជាតិរបស់លោកស្រី បន្ទាប់ពីអំពើហិង្សានៅទូទាំងប្រទេសជាបន្តបន្ទាប់កាលពីចុងសប្តាហ៍។
អំពើហិង្សាបានផ្ទុះឡើងបន្ទាប់ពីការស្លាប់មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមជួញដូរគ្រឿងញៀន លោក Nemesio Oseguera Cervantes ដែលត្រូវបានគេស្គាល់ឈ្មោះហៅក្រៅថា El Mencho ។