នៅក្នុងសុន្ទរកថាប្រចាំឆ្នាំកាលពីថ្ងៃអង្គារ (២៤ កុម្ភៈ) ប្រធានាធិបតីអាមេរិក លោក Donald Trump បានរក្សាជំហរដ៏ម៉ឺងម៉ាត់របស់លោក ប្រឆាំងនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែក៏បានង្ហាញពីបំណងរបស់លោកចំពោះការទូតជាមួយទីក្រុងតេអេរ៉ង់ផងដែរ។

ថ្លែងទៅកាន់សភា លោក Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងចូលរួមក្នុងការចរចាយ៉ាងសកម្មជាមួយទីក្រុងតេអេរ៉ង់ ហើយ «ពួកគេចង់ឈានដល់កិច្ចព្រមព្រៀងណាស់»។
លោក Trump បានសង្កត់ធ្ងន់ថា ខណៈដែលលោកពេញចិត្តនឹងមាគ៌ាការទូត រដ្ឋបាលរបស់លោកនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការរារាំងទីក្រុងតេអេរ៉ង់ មិនឱ្យទទួលបានសមត្ថភាពនុយក្លេអ៊ែរនោះឡើយ។ ប្រធានាធិបតីរូបនេះបានលើកឡើងដោយសំដៅលើអ៊ីរ៉ង់ថា «លោកនឹងមិនអនុញ្ញាតឱ្យប្រទេសដែលផ្តល់មូលនិធិដល់ភេរវកម្មធំជាងគេបំផុតក្នុងពិភពលោកមួយនេះ មានអាវុធនុយក្លេអ៊ែរឃជាដាច់ខាត»។
លោក Trump បានហៅយុទ្ធសាស្ត្រ «សម្ពាធអតិបរមា» របស់រដ្ឋបាលលោក ថាជាកាតាលីករដែលជំរុញឱ្យទីក្រុងតេអេរ៉ង់ត្រឡប់ទៅកាន់តុចរចាវិញ ដោយអះអាងថាសហរដ្ឋអាមេរិក កំពុងតែចរចាដោយឈរលើជំហរដ៏រឹងមាំបំផុតដែលមិនធ្លាប់មានពីមុនមក៕

