មេដឹកនាំប្រឆាំងអ៊ីស្រាអែល លោក Yair Lapid បាននិយាយថា លោកគាំទ្រការពង្រីកទឹកដីរបស់អ៊ីស្រាអែល«ឲ្យបានទូលំទូលាយតាមដែលអាចធ្វើទៅបាន» រួមទាំងតំបន់ដែលលាតសន្ធឹងទៅប្រទេសអ៊ីរ៉ាក់ ដោយពណ៌នាអំពីគំនិតនេះថា មានឫសគល់នៅក្នុងគោលការណ៍របស់ជនជាតិជ្វីហ្វ និងព្រះគម្ពីរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ លោក Lapid បាននិយាយថា លោកគាំទ្រគោលនយោបាយណាមួយ ដែលនឹងធានានូវអ្វីដែលលោកពិពណ៌នាថា ជា «ទឹកដីដ៏ធំ ធំទូលាយ និងរឹងមាំ» សម្រាប់ជនជាតិជ្វីហ្វ និងមនុស្សជំនាន់ក្រោយ។

លោក Lapid ត្រូវបានគេដកស្រង់សម្តី ដោយនិយាយថា «ជ្វីហ្វនិយម គឺផ្អែកលើព្រះគម្ពីរ» ដោយបន្ថែមថា អ្វីដែលលោកពិពណ៌នាថា ជាព្រំដែននៃទឹកដីអ៊ីស្រាអែលតាមព្រះគម្ពីរ បង្កើតបានជាមូលដ្ឋានគ្រឹះនៃ ទស្សនៈរបស់លោកលើការទាមទារទឹកដី។
ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ការពិចារណាសន្តិសុខ និងគោលនយោបាយរបស់អ៊ីស្រាអែល អាចប៉ះពាល់ដល់លទ្ធភាពនៃមហិច្ឆតាបែបនេះ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។
ការអត្ថាធិប្បាយរបស់លោក Lapid បានកើតឡើង បន្ទាប់ពីភាពចម្រូងចម្រាសថ្មីៗនេះជុំវិញការលើកឡើង របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល លោក Mike Huckabee ដែលបានបញ្ជាក់ នៅក្នុងបទសម្ភាសន៍ជាមួយលោក Tucker Carlson ថា វាអាចទទួលយកបានសម្រាប់អ៊ីស្រាអែល ក្នុងការគ្រប់គ្រងលើផ្នែកធំៗនៃមជ្ឈិមបូព៌ា៕
