នៅថ្ងៃពុធ (ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ប្រភពពីមូលដ្ឋាន ២រូប បានប្រាប់ឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា លើផ្សារក្នុងភូមិមួយកន្លែង នៅរដ្ឋភាគខាងលិចបំផុតនៃប្រទេសនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់។
សហភាពមីយ៉ាន់ម៉ាត្រូវបានរួបរឹតដោយសង្គ្រាមស៊ីវិល ចាប់តាំងពីរបបយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដោយបានធ្វើឲ្យយោធាត្រូវប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងក្រុមឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើន។
រដ្ឋឆ្នេរភាគខាងលិច Rakhine គឺស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុត។ ដោយត្រូវបានគ្រប់គ្រងស្ទើរតែទាំងស្រុងដោយកងទ័ពជនជាតិភាគតិច Arakan Army រដ្ឋនេះត្រូវបានបិទខ្ទប់ដោយរបបយោធា ហើយរងការវាយប្រហារតាមអាកាសជាប្រចាំ។
កងទ័ពអាកាសរបស់យោធា បានវាយប្រហារភូមិ Yoe Ngu ក្នុងទីក្រុង Ponnagyun ចម្ងាយប្រហែល ៣៣គីឡូម៉ែត្រ នៅភាគឦសាននៃរដ្ឋធានី Sittwe របស់រដ្ឋនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើយោងតាមក្រុមប្រឆាំងប្រដាប់អាវុធ និងក្រុមអ្នកស្ម័គ្រចិត្តមូលដ្ឋាន។
អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានឡើយ។ បើតាមសេចក្តីថ្លែងការណ៍របស់កងទ័ព Arakan Army បានរាយបញ្ជីឈ្មោះ «ជនស៊ីវិលស្លូតត្រង់» ចំនួន ១៧នាក់ ក្នុងនោះរួមមានទាំងកុមារ ៣នាក់ផង ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើផ្សារមួយកន្លែង នៅវេលាម៉ោងប្រហែល ២រសៀល ម៉ោងក្នុងស្រុក កាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ ក្រុមនេះបានឲ្យដឹងបន្ថែមថា មនុស្ស ១៥នាក់ទៀត បានរងរបួស។
តែលោក Pyae Phyo Naing ប្រធានសមាគមយុវជនភូមិ Ponnagyun បាននិយាយថា៖ «នៅក្នុងបញ្ជីរបស់យើង មានអ្នកស្លាប់ចំនួន ១៨នាក់ និងរបួស ១៦នាក់»៕