ពេលដែលបឹង Chilwa រីងកាលពីរយៈពេលជាង ២ឆ្នាំមុន អ្នកនេសាទ Medson James Peter និយាយថា មនុស្សអាចដើរឆ្លងកាត់បាតបឹងទៅកាន់កោះ Chisi គឺជាការធ្វើដំណើរមួយដែលតាមធម្មតាអាចទៅបានដោយទូក ។
រថយន្ត និងកង់ អាចធ្វើដំណើរឆ្លងកាត់បឹងមួយនេះបាន ហើយសហគមន៍នេសាទនៅជុំវិញបឹងធំបំផុតទី ២របស់ម៉ាឡាវីមួយនេះ បាត់បង់ប្រភពស្បៀងអាហារដ៏សំខាន់របស់ពួកគេ ហើយនិងប្រាក់ចំណូលនៅរាល់យប់ ។
លោក Peter និយាយថា បឹងមួយនេះ រីងអស់ ហើយឥឡូវទឹកមកវិញ តែមិនដូចគ្នានោះទេ ។
បឹង Chilwa ដែលជាបឹងរាក់ស្ថិតនៅភាគខាងត្បូងម៉ាឡាវី តែងតែប្រែប្រួលទៅតាមរដូវកាល ប៉ុន្តែបម្រែបម្រួលអាកាសធាតុ បង្កឲ្យមានវដ្តគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ បណ្តាលឲ្យបាត់បឹងញឹកញាប់ និងមានរយៈពេលយូរជាងមុន ។
ពេលភ្លៀងធ្លាក់វិលត្រឡប់មកវិញក្នុងរដូវនេះ អ្នកនេសាទជួសជុលទូក និងសំណាញ់របស់ពួកគេ ប៉ុន្តែភាពធូរស្រាលគ្មាននោះទេ ។ ការចាប់ត្រីមានចំនួនទាប ត្រីក៏តូចៗ ហើយប្រព័ន្ធអេកូឡូស៊ី ពិបាកងើបឡើងវិញខ្លាំងណាស់ ។
លោក Peter និយាយខណៈពេលលោកលាងត្រីជាមួយមិត្តនេសាទរបស់លោកថា ត្រីលែងមានច្រើនដូចមុនទៀតហើយ ។ ពួកយើងចាប់បានតែត្រីតូចៗ គឺត្រីតូចខ្លាំងណាស់ ។
លោកបន្តថា បើថ្ងៃសំណាង បានត្រីតម្លៃ ២៥ដុល្លារ តែបើថ្ងៃស៊យបានត្រឹមតែ ១៥ដុល្លារប៉ុណ្ណោះ បើធៀបនឹងកាលពីរយៈពេល ២ឆ្នាំមុនវិញ លោកអាចរកបានរហូតដល់ ៨០ដុល្លារឯណោះ ក្នុង ១ថ្ងៃ មុនពេលដែលបឹងរីង ។
នៅមាត់បឹង អ្នកលក់ត្រី Maxwell Chibalo និយាយថា ស្ថានភាពបឹងមិនអាចព្យាករបាន បានធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុក រងភាពរង្គោះរង្គើរ ។
ពេលដែលបឹងរីងទឹក វាបង្កផលប៉ះពាល់ដល់ការនេសាទ ហើយអ្នកស្រុក បានប្រែក្លាយបឹងនោះទៅជាវាលស្រែសម្រាប់ឲ្យពួកគេបង្កបង្កើនផល ប៉ុន្តែនៅពេលដែលទឹកវិលត្រឡប់មកានភ្លាមៗ វាបានបំផ្លាញដំណាំស្រូវរបស់ពួកគេគ្មានសល់ ទុកឲ្យសហគមន៍ ត្រូវបែងចែករវាងការធ្វើស្រែចម្ការ ការនេសាទ និងការរស់រានរបស់ពួកគេ ៕