សារព័ត៌មានក្នុងស្រុករាយការណ៍ថា រថពាសដែករាប់សិបគ្រឿងរបស់អ៊ីស្រាអែល បានបើកការឈ្លានពានចូលទៅក្នុងខេត្តភាគពាយ័ព្យ Quneitra ស្ថិតក្នុងតំបន់ខ្ពង់រាប Golan Heights របស់ស៊ីរី ដែលជាការបំពានមួយទៀតលើអធិបតេយ្យភាពប្រទេសមួយនេះ ។
ទូរទស្សន៍ Al-Ikhbariah រាយការណ៍កាលពីថ្ងៃពុធថា ក្បួនរថពាសដែក បានបើកចូលទៅក្នុងតំបន់ភាគខាងកើត Tel al-Ahmar ជិតភូមិ Ain Ziwan ស្ថិតក្នុងខេត្ត Quneitra ជាទីដែលកងទ័ពអ៊ីស្រាអែល ចុះប្រតិបត្តិការឆែកឆេរ ។
ដោយឡែក ទីភ្នាក់ងារព័ត៌មាន Sana រាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានចូលដល់ជិតភូមិ Bariqa ស្ថិតក្នុងខេត្ត Quneitra ផងដែរ ហើយនិងបានចាប់ខ្លួនយុវជនស៊ីរីម្នាក់ ពេលរូបគេកំពុងមើលចៀម ។ សេចក្តីរាយការណ៍បន្តថា នៅក្នុងឧបទ្ទេវហេតុមួយទៀត រថពាសដែកអ៊ីស្រាអែល បានបើកចូលកសិដ្ឋាន Abu Madharah ។

តំបន់ភាគខាងត្បូងស៊ីរី រួមទាំងខេត្ត Quneitra បានមើលឃើញការឈ្លានពានរបស់អ៊ីស្រាអែលជាយូរមកហើយ ជាហេតុបង្កឲ្យមានការភ័យខ្លាចនៅក្នុងចំណោមអ្នកស្រុក ឃាត់ខ្លួនជនស៊ីវិល ដំឡើងប៉ុស្តិ៍ត្រួតពិនិត្យ និងរបង និងបំផ្លិចបំផ្លាញដីកសិកម្មរបស់អ្នកស្រុក ។
ប៉ុន្តែចាប់តាំងពីការដួលរលំរបស់មេដឹកនាំ Bashar al-Assad កាលពីខែធ្នូ ឆ្នាំ ២០២៤ ការឈ្លានពានទាំងនោះ កាន់តែគគ្លើន ហិង្សា និងញឹកញាប់ ។ អ៊ីស្រាអែលបានបើកការវាយឆ្មក់ដោយទម្លាក់គ្រាប់បែក លើស៊ីរី និបានចូលធ្វើអន្តរាគមន៍កាលពីរដូវក្តៅមុន អំឡុងពេលផ្ទុះអំពើហិង្សានៅទីក្រុង Suwayda របស់ស៊ីរី ដោយវាយប្រហារកងកម្លាំងស៊ីរី ក្រោមលេសការពារជនជាតិភាគតិច Druze ក៏ដូចជាទម្លាក់គ្រាប់បែកលើទីក្រុងដាម៉ាស ៕
