ប្រទេសប៉ាគីស្ថាន បានទម្លាក់គ្រាប់បែកលើរដ្ឋធានីកាប៊ុលនិងទីក្រុងដទៃទៀតរបស់ប្រទេសអាហ្វហ្គានីស្ថាន ខណៈការប្រយុទ្ធគ្នាបានរាលដាល បន្ទាប់ពីការវាយប្រហារដោយកងកម្លាំងអាហ្វហ្គានីស្ថានលើទីតាំងយោធាប៉ាគីស្ថាននៅតាមបណ្តោយព្រំដែនរួមរបស់ប្រទេសទាំងពីរ។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Al Jazeera ប្រចាំទីក្រុងកាប៊ុល លោក Nasser Shadid បានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា ការវាយឆ្មក់ទម្លាក់គ្រាប់បែកបានកំណត់គោលដៅលើរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាននៅម៉ោង១:៥០នាទីរំលងអាទ្រាធម៉ោងក្នុងស្រុក បន្ទាប់មកមានការវាយប្រហារតាមអាកាសជាលើកទីពីរ។

យោងតាមលោក Shadid បាននិយាយឲ្យដឹងថា កាំភ្លើងប្រឆាំងយន្តហោះរបស់អាហ្វហ្គានីស្ថាន បានបើកការបាញ់ប្រហារបន្ទាប់ពីការវាយឆ្មក់លើកដំបូងហើយបានបន្តបាញ់ក្រោយពីការវាយឆ្មក់លើកទីពីរ។
ប្រភពព័ត៌មានពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា ការវាយប្រហារតាមអាកាស បានវាយប្រហារទីក្រុងកាប៊ុល ហើយយន្តហោះចម្បាំងប៉ាគីស្ថានក៏បានវាយប្រហារលើមូលដ្ឋានយោធាមួយកន្លែងនៅក្នុងខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បាននិយាយនៅថ្ងៃសុក្រនេះថា ភាពអត់ធ្មត់របស់ប្រទេសលោក អស់ហើយ ជាមួយអាជ្ញាធរតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលនៅជិតខាង ហើយប្រទេសប៉ាគីស្ថានពេលនេះនឹងធ្វើសង្គ្រាមដោយបើកចំហ។