ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ដោយយោងតាមមន្ត្រីអាមេរិក និងប្រភពដែលដឹងពីកិច្ចប្រជុំនេះថា មេបញ្ជាការយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា បានជម្រាបជូនលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (២៦ កុម្ភៈ) អំពីជម្រើសនានាសម្រាប់សកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់។

នេះជាលើកដំបូងហើយដែលប្រមុខនៃបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក លោកឧត្តមនាវីឯក Brad Cooper បានរាយការណ៍ជូនលោក Trump ចាប់តាំងពីវិបត្តិជាមួយអ៊ីរ៉ង់ ចាប់ផ្តើមធ្ងន់ធ្ងរកាលពីខែធ្នូ ឆ្នាំមុនមក។ លោក Trump បានបញ្ជាឱ្យប្រមូលផ្ដុំយោធាអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់នៅមជ្ឈិមបូព៌ា ហើយលោកកំពុងថ្លឹងថ្លែងលើការបញ្ជាបើកយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់។
ប្រភពមន្ត្រីអាមេរិកបាននិយាយថា ប្រធាននាយសេនាធិការចម្រុះ គឺលោកឧត្តមសេនីយ៍ Dan Caine ក៏បានចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ។ ការរាយការណ៍ពីជម្រើសនានាលើអ៊ីរ៉ង់នេះ កើតឡើងខណៈពេលដែលកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ជុំទីបី បានបញ្ចប់នៅទីក្រុងហ្សឺណែវ ដោយពុំមានផ្លែផ្កាធំដុំនោះទេ។
កិច្ចចរចានុយក្លេអ៊ែរនេះត្រូវបានមន្រ្តីក្នុងរដ្ឋបាលអាមេរិកមើលឃើញថា ជាឱកាសចុងក្រោយហើយសម្រាប់ការទូត មុនពេលលោក Trump សម្រេចចិត្តថា តើត្រូវចាប់ផ្តើមសង្គ្រាមឬយ៉ាងណា។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ការចរចានុយក្លេអ៊ែរជាមួយអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននាំឱ្យមានការយោគយល់គ្នាលើបញ្ហាមួយចំនួន ហើយក៏នៅមានចំណុចខ្វែងគ្នាផងដែរ ដោយកិច្ចចរចាមួយជុំទៀតត្រូវបានកំណត់ពេលធ្វើឡើងនៅសប្តាហ៍ក្រោយនេះ៕

