រដ្ឋមន្ត្រីក្រសួងអប់រំប៉ូឡូញ លោកស្រី Barbara Nowacka បានប្រាប់សារព័ត៌មាន Bloomberg ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃសុក្រ (២៧ កុម្ភៈ) នេះថា ប្រទេសប៉ូឡូញ មានគម្រោងដាក់ចេញនូវច្បាប់ថ្មីដើម្បីហាមឃាត់ការប្រើប្រាស់បណ្ដាញសង្គមលើកុមារអាយុក្រោម ១៥ឆ្នាំ ហើយនឹងតម្រូវឱ្យវេទិកានានាផ្ទៀងផ្ទាត់អាយុអ្នកប្រើប្រាស់។

លោកស្រី Nowacka បាននិយាយថា ក្រុមចម្រុះដែលកំពុងកាន់អំណាច នឹងដាក់ជូនសេចក្តីព្រាងច្បាប់នេះទៅក្នុងសភានៅថ្ងៃសុក្រនេះ រួមជាមួយនឹងមានការផាកពិន័យជាទឹកប្រាក់ដែលបានគ្រោងទុក សម្រាប់វេទិកាណាដែលនៅតែអនុញ្ញាតឱ្យកុមារអាយុក្រោម ១៥ឆ្នាំប្រើប្រាស់បាន ដោយបន្ថែមថា ច្បាប់នេះអាចចូលជាធរមាននៅដើមឆ្នាំ២០២៧។

រដ្ឋាភិបាលអឺរ៉ុបមួយចំនួន រួមមានប្រទេសដាណឺម៉ាក ក្រិក បារាំង អេស្ប៉ាញ និងចក្រភពអង់គ្លេស កំពុងសិក្សាស្វែងយល់ពីការរឹតត្បិតស្រដៀងគ្នានេះ ស្របពេលមានការអះអាងថា សេវាកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមមានគ្រោះថ្នាក់ ឬធ្វើឱ្យញៀនសម្រាប់អនីតិជន។
រដ្ឋាភិបាលអង់គ្លេស បាននិយាយកាលពីខែមករាថា ខ្លួនកំពុងពិចារណាលើការរឹតបន្តឹងដើម្បីការពារកុមារតាមអ៊ីនធឺណិត បន្ទាប់ពីអូស្ត្រាលី ក្លាយជាប្រទេសដំបូងគេដែលបានអនុវត្តច្បាប់ស្រដៀងគ្នានេះកាលពីខែធ្នូ ឆ្នាំ២០២៥៕