ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានសេចក្តីប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ ដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។

តាមរយៈលិខិតបដិសេធ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា បានកត់សម្គាល់ឃើញនូវសេចក្តីថ្លែងការណ៍ ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ដែលត្រូវបានរាយការណ៍ដោយកាសែត The Nation Thailand កាលពីពេលថ្មីៗនេះ ដោយបានចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ ក្រសួងវប្បធម៌កម្ពុជា ប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ។
ឯកកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ប្រាសាទព្រះវិហារគឺជាទីតាំងសក្ការៈផ្នែកវប្បធម៌ និងសាសនា និងមានតម្លៃជាសាកល ដូច្នេះ ទីតាំងនេះមិនដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធានោះឡើយ។

សូមរម្លឹកថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ នៅតំបន់ប្រាសាទព្រះវិហារ និងនៅភូមិសាស្រ្តតំបន់អានសេះ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រុមអ្នកសង្កេតការណ៍AOT ក៏បានចុះទៅពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជាលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហារទាំងបំពានរបស់យោធាថៃកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥៕
