អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលការពង្រីកតំបន់តាំងលំនៅឋានរបស់អ៊ីស្រាអែលក្នុងអំឡុងកិច្ចប្រជុំបន្ទាន់របស់គណៈកម្មាធិការប្រតិបត្តិក្នុងកម្រិតរដ្ឋមន្ត្រីការបរទេស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ អង្គការនេះបានថ្កោលទោសយ៉ាងខ្លាំងចំពោះវិធានការរបស់អ៊ីស្រាអែលក្នុងការពង្រីកសកម្មភាពតាំងលំនៅឋាននៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន។

កិច្ចប្រជុំ ក៏បានថ្កោលទោសការថ្លែងលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ៊ីស្រាអែល លោក Mike Huckabee និងបានរិះគន់ការសម្រេចចិត្តរបស់ស្ថានទូតសហរដ្ឋអាមេរិកក្នុងការផ្តល់សេវាកុងស៊ុលដល់អ្នកតាំងលំនៅឋានអ៊ីស្រាអែលក្នុងតំបន់កាន់កាប់ West Bank ដោយនិយាយថាចំណាត់ការបែបនេះលើកទឹកចិត្តដល់ការគ្រប់គ្រងរបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន និងអារ៉ាប់។ អ្នកចូលរួម បានអំពាវនាវឱ្យមានការជំរុញការអនុវត្តផែនការដែលបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump រួមទាំងការឈានទៅរកដំណាក់កាលទីពីររបស់ខ្លួន ការទទួលបានបទឈប់បាញ់ដ៏ទូលំទូលាយនិងប្រកបដោយចីរភាព ការធានាដល់ការដកកងកម្លាំងអ៊ីស្រាអែលចេញទាំងស្រុង និងសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ដោយមិនត្រូវបានបង្អាក់ចូលទៅដល់តំបន់ហ្កាហ្សា។ កិច្ចប្រជុំនេះ បានបង្ហាញការគាំទ្រចំពោះរដ្ឋប៉ាឡេស្ទីន ក្នុងការអនុវត្តកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ខណៈបញ្ជាក់ជាថ្មីអំពីឯកភាពនៃដែនដីប៉ាឡេស្ទីន រួមទាំងតំបន់ Gaza Strip និងតំបន់ West Bank។ អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) បានសម្រេចបន្តវិធានការនយោបាយ និងផ្លូវច្បាប់ ដើម្បីប្រឈមទៅនឹងគោលនយោបាយរបស់អ៊ីស្រាអែល និងបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ការការពារដល់ពលរដ្ឋប៉ាឡេស្ទីន និងបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះការរំលោភបំពានដែលត្រូវបានចោទប្រកាន់។
