យោងតាមអ្នកការទូតជាន់ខ្ពស់ម្នាក់ បានឲ្យដឹងថា អាជ្ញាធរគុយបាបានទាក់ទងជាមួយមន្ត្រីអាមេរិក បន្ទាប់ពីមានការប៉ុនប៉ងជ្រៀតចូលដែលត្រូវបានចោទប្រកាន់ថា ជាការមានបំណងវាយប្រហារភេរវកម្ម ពាក់ព័ន្ធនឹងនាវាមួយគ្រឿងដែលបានចាកចេញពីទឹកដីរបស់សហរដ្ឋអាមេរិក។
អំឡុងពេលនិយាយនៅឯទីក្រុងឡាហាវ៉ាន (Havana) កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បាននិយាយថា អាជ្ញាធរបានស្ទាក់ចាប់ទូកមួយគ្រឿងចុះបញ្ជីនៅរដ្ឋ Florida របស់សហរដ្ឋអាមេរិក ដែលដឹកមនុស្ស ១០នាក់ ដោយត្រូវបានចោទប្រកាន់ថា កំពុងព្យាយាមចូលប្រទេសគុយបា សម្រាប់គោលបំណងភេរវកម្ម។
លោក Fernandez de Cossio បានបញ្ជាក់ថា៖ «តាំងពីដំបូង ហើយបន្ទាប់ពីបានរកឃើញថា នាវានេះមកពីទឹកដីរបស់សហរដ្ឋអាមេរិក អាជ្ញាធរគុយបា បានបន្តមានទំនាក់ទំនង ពាក់ព័ន្ធនឹងការប៉ុនប៉ងភេរវកម្មនេះជាមួយសមភាគីអាមេរិក ក្នុងនោះរួមមានទាំងក្រសួងការបរទេស និងឆ្មាំល្បាតសមុទ្រផងដែរ»។

លោកបានបន្ថែមថា ការស៊ើបអង្កេតកំពុងមាន ដោយគុយបាកំពុងស្វែងរកការផ្លាស់ប្តូរព័ត៌មានជាមួយទីក្រុងវ៉ាស៊ីនតោន ដែលបានបង្ហាញពីឆន្ទៈក្នុងការសហការគ្នា។
គួរបញ្ជាក់ថា ទីក្រុងឡាហាវ៉ាន បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានស្ទាក់ចាប់នាវាមួយគ្រឿងដឹកមនុស្សប្រដាប់ដោយអាវុធចំនួន ១០នាក់ ដែលបានបើកការបាញ់ប្រហារលើឆ្មាំព្រំដែន ដោយបានសម្លាប់មនុស្ស ៤នាក់ និងធ្វើឲ្យរបួស ៦នាក់។ ខ្លួនបានពិពណ៌នាអំពីឧប្បត្តិហេតុនេះថា ជា «ការលួចចូលប្រដាប់អាវុធដែលត្រូវបានទប់ស្កាត់»៕

