អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ (ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ដាណឺម៉ាកបានក្លាយជាប្រទេសដំបូងគេ នៅសហភាពអឺរ៉ុប (EU) ដែលលុបបំបាត់ការចម្លងមេរោគអេដស៍ (HIV) និងជំងឺស្វាយពីម្តាយទៅកូន។
ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងជំងឺស្វាយពីម្តាយទៅកូន គឺជាសមិទ្ធផលសុខភាពសាធារណៈដ៏ធំមួយ សម្រាប់ប្រទេសដាណឺម៉ាក»។
ស្ថាប័នសុខភាពអន្តរជាតិមួយនេះ បានបញ្ជាក់ថា ប្រទេសដាណឺម៉ាកបានសម្រេចគោលដៅដែលតម្រូវឲ្យមានការលុបបំបាត់ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ «ក្នុងនោះរួមទាំងអត្រាចម្លងទាប និងការគ្របដណ្តប់ខ្ពស់លើការធ្វើតេស្ត និងការព្យាបាលមុនពេលសម្រាលសម្រាប់ស្ត្រីមានផ្ទៃពោះ»។
នាយកតំបន់របស់ WHO ប្រចាំទ្វីបអឺរ៉ុប លោក Hans Kluge បាននិយាយថា៖ «ការលុបបំបាត់ មានន័យថា ការធ្វើតេស្ត និងព្យាបាលយ៉ាងហោចណាស់ ៩៥នាក់ ក្នុងចំណោមស្ត្រីមានផ្ទៃពោះ ១០០នាក់ និងធ្វើឲ្យប្រាកដថា ការឆ្លងមេរោគទៅទារកថ្មី គឺនៅក្រោម ៥០នាក់ ក្នុងចំណោមការផ្ដល់កំណើត ១០០.០០០នាក់»។
យោងតាមតួលេខរបស់ WHO បានឲ្យដឹងថា ដាណឺម៉ាកមានអត្រាផ្ទុកមេរោគអេដស៍ និងជំងឺស្វាយទាប ក្នុងចំណោមស្ត្រីមានផ្ទៃពោះ។ មានមនុស្សប្រហែល ៥.៩៥០នាក់ កំពុងរស់នៅដោយមានផ្ទុកមេរោគអេដស៍ នៅក្នុងប្រទេសដាណឺម៉ាក ហើយស្ត្រីមានផ្ទៃពោះតិចជាង ០,១ភាគរយមានជំងឺនេះ៕