ភ្នំពេញ៖ ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារកូរ៉េខាងត្បូង បន្តមានកំណើនជាវិជ្ជមាន ដោយមានកំណើន ៣៣ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២២នេះ។
ប្រទេសទាំងពីរ រំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នឹងជំរុញដល់កំណើនពាណិជ្ជកម្ម ជាពិសេសទាក់ទាញវិនិយោគបន្ថែមពីកូរ៉េខាងត្បូង និងប្រទេសដទៃទៀត ចូលមកវិនិយោគនៅកម្ពុជា ដើម្បីផលិតកែច្នៃ នាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅក្រោមបន្ទាត់ពន្ធអនុគ្រោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងថា នៅថ្ងៃទី២៣ ខែមីនានេះថា ការនាំចេញសរុបរបស់កម្ពុជា មានកំណើន ៣០ភាគរយ ក្នុងរយៈពេលខែមករា និងខែកុម្ភៈ ឆ្នាំ២០២២។ ដោយឡែកការនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង មានកំណើន ៣៣ភាគរយ។
ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ពីរង្វង់មូលក្រុងតាខ្មៅ ដល់ស្ពានកោះធំ សម្តេចតេជោ លើកឡើងថា កំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង រំពឹងថា នឹងមានកំណើនទៀត ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាង កម្ពុជា-កូរ៉េខាងត្បូង។
នៅក្រោមកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មនេះ កម្ពុជានឹងអាចនាំចេញទំនិញសំខាន់របស់ខ្លួន មានជាអាទិ៍ ផលិតផលកសិផល ផលិតផលបច្ចេកវិទ្យា ផលិតផលឧស្សាហកម្មខ្នាតតូចនិងមធ្យម និងផលិតផលវាយនភណ្ឌ ក្នុងបន្ទាត់ពន្ធប្រមាណចំនួន ១ម៉ឺនដោយពុំជាប់របាំងពន្ធគយ។
អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ឯកឧត្តម ឯកឧត្តម ផាកហ៊ឺង ឃ្យុង (Park Heung-Kyoeng) បានលើកឡើងថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជានិងកូរ៉េខាងត្បូង គ្រោងពង្រីកការបើកចំហទីផ្សារបន្ថែមនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងនៅក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលក្នុងនោះកូរ៉េ និងកម្ពុជាគឺជាដៃគូដ៏សំខាន់ផងដែរនៃកិច្ចព្រមព្រៀងនេះ ។
សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា កូរ៉េខាងត្បូង សម្រេចបានទឹកប្រាក់ ៩៦៥លានដុល្លារ ក្នុងឆ្នាំ២០២១ កន្លងទៅ កើនឡើង ៩ភាគរយធៀបនឹងឆ្នាំ២០២០ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មពី សមាគមពាណិជកម្មអន្តរជាតិកូរ៉េ។
ក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង មានតម្លៃសរុប ៣៤០លានដុល្លារ កើនឡើង ៧,៥ភាគរយ៕ អត្ថបទ៖ វណ្ណៈ




