កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា មានប្រសាសន៍ថា ការដាំដុះកាកាវនៅភូមិភាគឦសាន រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង គឺផ្តល់ប្រាក់ចំណូលខ្ពស់ដល់កសិករ បើប្រៀបធៀបទៅនឹងការដាំដុះស្រូវ ដោយហេតុថាតំបន់នេះមានសណ្ឋានដីជាតំបន់ខ្ពស់ និងអាកាសធាតុត្រជាក់ ដែលអំណោយផលខ្ពស់ដល់ការលូតលាស់និងទិន្នផលកាកាវ ជាជាងការដាំដុះស្រូវ ក្នុងឱកាសទស្សនកិច្ចចម្ការកាកាវ លោកឧកញ៉ា ហៃ លីអ៊ាង ស្ថិតនៅភូមិបរញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
ដំណាំកាកាវ មានវត្តមានមុនគេនៅលើទឹកដីខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០១៤ បន្ទាប់មកមាននៅខេត្តរតនគិរី ក្រចេះ និងស្ទឹងត្រែង។ កាកាវ គឺជាដំណាំដែលមានសក្តានុពលក្នុងការបង្កើនប្រាក់ចំណូល ជាពិសេសក្នុងបរិបទដែលតម្លៃកាកាវនៅលើទីផ្សារពិភពលោកកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងថា កាកាវជារុក្ខជាតិប្រភេទដំណាំងាយស្រួលក្នុងការដាំសម្រាប់លក្ខខណ្ឌអាកាសធាតុសមប្រកប ហើយដំណាំនេះមិនប្រកាន់រដូវ ដូចដំណាំមួយចំនួនទៀតទេ ប៉ុន្តែមិនអាចដាំបានក្នុងតំបន់ទំនាបដក់ទឹកបានឡើយ ព្រោះវាត្រូវការទឹកច្រើនក្នុងការស្រោចស្រព ព្រមទាំងការមើលថែទាំឱ្យបានដិតដល់។
ឯកឧត្តមបណ្ឌិត ក៏បានបន្តជំរុញការគាំទ្រផលិតផលខ្មែរ និងផលិតកម្មក្នុងស្រុកឱ្យមានចីរភាពតាមរយៈ ការជួយទិញ ជួយផ្សព្វផ្សាយ និងជួយបង្កើតថ្មីពីប្រជាជនខ្មែរ ធ្វើយ៉ាងណាឱ្យមានផលិតផលខ្មែរផ្គត់ផ្គង់លើទីផ្សារកាន់តែច្រើន គ្រប់តាមតម្រូវការ និងមាននិរន្តរភាព។





