សារព័ត៌មានរ៉យទ័រ៖ សហរដ្ឋអាមេរិក បានប្រើប្រាស់អាវុធទំនើបៗជាច្រើនប្រភេទប្រឆាំងនឹងគោលដៅអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ រួមទាំងមីស៊ីលតម្រង់គោលដៅ Tomahawk យន្តហោះចម្បាំងបំបាំងកាយ ក៏ដូចជាយានដ្រូនវាយប្រហារអត្តឃាត ដែលមានតម្លៃទាបនិងយកគំរូតាមការរចនារបស់អ៊ីរ៉ង់ នៅក្នុងការប្រើប្រាស់ដ្រូនបែបនេះជាលើកដំបូងបំផុតក្នុងការប្រយុទ្ធ។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានចេញផ្សាយរូបថតដែលបង្ហាញពីមីស៊ីល Tomahawk យន្តហោះចម្បាំង F-18 និង F-35 រួមជាមួយនឹងព័ត៌មានលម្អិតនៃការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃប្រតិបត្តិការយោធាលើអ៊ីរ៉ង់ ដែលបានដាក់ឈ្មោះថា «Operation Epic Fury»។
យោធាអាមេរិកបាននិយាយថា ខ្លួនបានប្រើប្រាស់យានដ្រូនអត្តឃាត ដែលមើលទៅដូចគ្នាបេះបិទទៅនឹងប្រព័ន្ធវាយប្រហារដ្រូនប្រយុទ្ធ LUCAS ថ្មី ដែលមានតម្លៃទាប ដោយផ្អែកលើរូបថតដែលចេញផ្សាយដោយមន្ទីរបញ្ចកោណ។ តម្លៃរបស់ដ្រូន LUCAS គឺប្រហែល ៣៥.០០០ ដុល្លារក្នុងមួយគ្រឿង។
យោធាអាមេរិក ក៏បានប្រើមីស៊ីល Tomahawk ផងដែរ។ មីស៊ីលវាយប្រហារលើដីគោក Tomahawk នេះ គឺជាមីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយ ដែលជាធម្មតាបាញ់ចេញពីសមុទ្រ ដើម្បីវាយប្រហារគោលដៅនានានៅក្នុងបេសកកម្មវាយប្រហារជ្រៅៗទៅក្នុងទីតាំងណាមួយ។
មីស៊ីល Tomahawk ដែលមានភាពជាក់លាក់ខ្ពស់នេះ អាចវាយប្រហារគោលដៅពីចម្ងាយ ១.៦០០ គីឡូម៉ែត្រ សូម្បីតែនៅក្នុងដែនអាកាសដែលមានការការពារយ៉ាងតឹងរ៉ឹងក៏ដោយ។ មីស៊ីលនេះមានប្រវែង ៦,១ ម៉ែត្រ ជាមួយនឹងស្លាបប្រវែងប្រហែល ៥,២ ម៉ែត្រ និងមានទម្ងន់ប្រហែល ១.៥១០ គីឡូក្រាម។ ជាមធ្យម មីស៊ីលនេះមានតម្លៃ ១,៣ លានដុល្លារក្នុងមួយគ្រាប់។
ក្នុងចំណោមយុទ្ធោបករណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត យោធាអាមេរិកក៏បានប្រើយន្តហោះចម្បាំងជាច្រើនគ្រឿងផងដែរ។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានចេញផ្សាយរូបថត និងវីដេអូដែលបង្ហាញពីយន្តហោះចម្បាំង F/A-18 និង F-35 ដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើអ៊ីរ៉ង់។
យន្តហោះចម្បាំង F-35 គឺជាយន្តហោះចម្បាំងបំបាំងកាយជំនាន់ទីប្រាំ ដែលមានសមត្ថភាពគេចពីការរកឃើញរបស់រ៉ាដា និងដឹកគ្រាប់រំសេវដែលមានប្រព័ន្ធកំណត់គោលដៅយ៉ាងជាក់លាក់។ សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះចម្បាំង F-35 នេះយ៉ាងទូលំទូលាយនៅទូទាំងមជ្ឈិមបូព៌ា។ ចំណែកយន្តហោះ F-18 គឺជាយន្តហោះចម្បាំងពហុតួនាទី ដែលអាចអនុវត្តបេសកកម្មទាំងពីអាកាសទៅអាកាស និងពីអាកាសទៅដី ដោយផ្ទុកគ្រាប់បែក និងមីស៊ីលជាច្រើនប្រភេទ៕




