យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (១ មីនា) បានប្រកាសអំពីការស្លាប់ និងរបួសដំបូងរបស់ជនជាតិអាមេរិក ក្នុងការវាយប្រហារកាន់តែខ្លាំងឡើងរបស់លោកប្រធានាធិបតី Donald Trump លើអ៊ីរ៉ង់ ខណៈដែលលទ្ធផលនៃការស្ទង់មតិថ្មីមួយបានបង្ហាញថា មានតែជនជាតិអាមេរិក ម្នាក់ក្នុងចំណោមបួននាក់ប៉ុណ្ណោះ ដែលគាំទ្រការវាយប្រហារប្រឆាំងនឹងប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ។

ខណៈជម្លោះនៅតែបន្តដោយគ្មានសញ្ញាបញ្ចប់ លោក Trump បាននិយាយថា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ៤៨នាក់ ត្រូវបានសម្លាប់ ហើយយោធាអាមេរិក បានចាប់ផ្តើមពន្លិចនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ ដោយបំផ្លាញនាវាចម្បាំងអ៊ីរ៉ង់ចំនួន ៩គ្រឿង រហូតមកដល់ពេលនេះ និង «កំពុងតាមប្រមាញ់នាវាដែលនៅសល់»។

ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ក៏ចាប់ផ្តើមបង្កផលប៉ះពាល់ផងដែរ។ យោធាអាមេរិក កាលពីថ្ងៃអាទិត្យ បាននិយាយថា ទាហានអាមេរិក ៣នាក់ត្រូវបានសម្លាប់ និង ៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ ក្នុងប្រតិបត្តិការរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។ យោធាអាមេរិកបាននិយាយទៀតថា យន្តហោះ និងនាវាចម្បាំងអាមេរិក បានវាយប្រហារគោលដៅអ៊ីរ៉ង់ជាង ១.០០០ កន្លែងចាប់តាំងពីលោក Trump បានបញ្ជាឱ្យចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធសំខាន់ៗកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុនមក។
ជាមួយគ្នានេះ លទ្ធផលនៅក្នុងការស្ទង់មតិលើបញ្ហានេះ ក៏ជារឿងឈឺក្បាលមួយផងដែរសម្រាប់លោក Trump។ ការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos ដែលបានបិទនៅថ្ងៃអាទិត្យកន្លងទៅ បានបង្ហាញថា អត្រា ២៧% នៃជនជាតិអាមេរិក (ឬម្នាក់ក្នុងចំណោមបួននាក់ប៉ុណ្ណោះ) បានគាំទ្រការវាយប្រហារនោះ ខណៈអត្រាដល់ទៅ ៤៣% នៃអ្នកឆ្លើយតបមិនយល់ព្រមលើយុទ្ធនាការយោធានេះនោះទេ ចំណែកអត្រា ២៩% ឆ្លើយថាមិនប្រាកដចិត្ត៕