កីឡាករស្នូកឃ័រអង់គ្លេស Barry Hawkins បានគ្រងជើងឯកការប្រកួតកម្មវិធី Welsh Open ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន ក្រោយយកឈ្នះមិត្តរួមជាតិ Jack Lisowski នៅវគ្គផ្តាច់ព្រ័ត្រ ៩-៥ ហ្វ្រេម។
Barry Hawkins មានការប្រកួតវគ្គផ្តាច់ព្រ័ត្រដំណាក់កាលដំបូងដ៏ល្អរបស់ខ្លួន ដោយបានយកឈ្នះ ៧ ក្នុងចំណោម ៨ ហ្វ្រេមដំបូងនៅសាលប្រកួតកីឡា Venue Cyrum ប្រទេសវែល ដើម្បីនាំមុខដាច់ដល់ទៅ ៧-១។
ឈានចូលដំណាក់កាលទីពីរ Jack Lisowski បានយកឈ្នះបីហ្វ្រេមផ្ទួនៗ ដាក់សម្ពាធដល់ Hawkins ដោយតាមពីក្រោយ ៧-៤ ហ្វ្រេម។
តែការវាយបករបស់ Lisowski បានស្រុតចុះវិញនៅហ្វ្រេមទី ១២ សំណាងរបស់ Hawkins ធ្វើឱ្យគេនាំមុខ ៨-៤ ហ្វ្រេម និងត្រូវការតែមួយហ្វ្រេមទៀតដើម្បីឈ្នះជើងឯក។
Lisowski ក៏បានយកឈ្នះមួយហ្វ្រេមវិញ តែកីឡាករវ័យ ៤៦ ឆ្នាំ Barry Hawkins ឱ្យឱកាសរបូតឡើយដោយយកឈ្នះហ្វ្រេមទី ៩ របស់ខ្លួន និងសរុបលទ្ធផល ៩-៥ ហ្វ្រេម ដើម្បីគ្រងជើងឯក Welsh Open លើកពាន Ray Reardon លើកដំបូងក្នុងអាជីព។
រំលឹកថា Barry Hawkins ធ្លាប់ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Welsh Open នេះម្តងកាលពីឆ្នាំ ២០១៨ តែចាញ់ John Higgins៕ អត្ថបទ៖នាង សុភាវុធ




