ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍជនបទ និងបានចូលរួមកាត់បន្ថយភាពក្រីក្រ។
ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម គឺជាផ្នែកមួយធានាស្ថិរភាព នៃការផ្គត់ផ្គង់ផលិតផលសម្រាប់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនសហគ្រិនភាព និងមានលក្ខណៈជាអាជីពក្នុងកសិធុរកិច្ច ក៏ដូចជាការអភិវឌ្ឍន៍បច្ចេកវិទ្យានៅលើខ្សែច្រវាក់ផលិតកម្ម ឆ្លើយតបចំពោះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ក៏ត្រូវបានក្រសួងកំពុងជំរុញឱ្យអនុវត្តយ៉ាងសកម្ម។
សមិទ្ធផលទាំងអស់នេះសម្រេចទៅបានដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយយ៉ាងល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបោះជំហានឆ្ពោះទៅមុខ ដើម្បីសម្រេចបាននូវកិច្ចអភិវឌ្ឍមួយប្រកបដោយចីរភាពក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី៕