នាថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) នេះ អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានប្រាប់ក្រុមប្រឹក្សាភិបាល IAEA ថា មិនមានភស្តុតាង ដែលបង្ហាញថា សហរដ្ឋអាមេរិក ឬអ៊ីស្រាអែល បានវាយប្រហារទីតាំងនុយក្លេអ៊ែរណាមួយឡើយ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកនៃសង្គ្រាមពេលនេះ។

លោក Grossi បាននិយាយថា៖ «ទាក់ទងនឹងស្ថានភាពនៃទីតាំងនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ីរ៉ង់ រហូតមកដល់ពេលនេះ យើងមិនមានការចង្អុលបង្ហាញថា ទីតាំងនុយក្លេអ៊ែរណាមួយ ក្នុងនោះរួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរ Busher រ៉េអាក់ទ័រស្រាវជ្រាវទីក្រុងតេអេរ៉ង់ ឬរោងចក្រថាមពលនុយក្លេអ៊ែរផ្សេងទៀត ត្រូវបានធ្វើឲ្យខូចខាត ឬរងវាយប្រហារនោះឡើយ»។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលបានបដិសេធម្តងហើយម្តងទៀតមិនដាក់ឈ្មោះទីតាំងនុយក្លេអ៊ែរណាមួយដែលខ្លួនអាចនឹងបានវាយប្រហារ ទោះបីជាបានបង្ហាញឈ្មោះទីតាំងបែបនេះ ក្នុងអំឡុងពេលមានប្រតិបត្តិការកាលពីខែមិថុនា ឆ្នាំ២០២៥ ក៏ដោយ។
ដូចគ្នានេះដែរ សហរដ្ឋអាមេរិកបានបង្ហាញឈ្មោះបញ្ជីដ៏វែងនៃគោលដៅដែលខ្លួនបានវាយប្រហារ តែមិនរាប់បញ្ចូលទីតាំងនុយក្លេអ៊ែរណាមួយឡើយ៕


