ការ៉ាតេ៖ មន្ដ្រីជាន់ខ្ពស់ ២រូបនៃសហព័ន្ធកីឡាការ៉ាតេកម្ពុជារួមមានឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធ និងឯកឧត្តម ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធបានទទួលការគាំទ្រធ្វើជាអនុប្រធាន និងជាសមាជិកនៃសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ (SEAKF) អាណត្តិឆ្នាំ២០២២-២០២៦ ក្នុងមហាសន្និបាតដែលរៀបចំនៅកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានថ្លែងក្រោយបញ្ចប់សន្និបាតថា សន្និបាតនេះមានសមាជិក ៩ប្រទេសបានចូលរួមផ្ទាល់ ហើយសមាជិកមួយចំនួនបានចូលរួមតាមអនឡាញ។ តែជាលទ្ធផលបានបញ្ចប់ដោយជោគជ័យ ខណៈលោក Vu Son Ha មកពីនាយកដ្ឋានកីឡាការ៉ាតេវៀតណាមបានជាប់ឆ្នោតជាប្រធានអាណត្តិថ្មីនេះ។ ដោយឡែកកម្ពុជាគឺមានឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ត្រូវបានអង្គសន្និបាតបោះឆ្នោតគាំទ្រធ្វើជាអនុប្រធានទី៣ សហព័ន្ធ ស្របពេលឯកឧត្តម ណុប វណ្ណថារ៉ូ បានជាប់ឆ្នោតជាសមាជិកសហព័ន្ធផងដែរ។ តាមរយៈការក្លាយជាសមាជិកថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេថ្នាក់តំបន់នេះ ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញសុទិដ្ឋិយមខ្ពស់ ដោយឯកឧត្តមបានចាត់ទុកជារឿងដ៏ល្អប្រសើរមួយ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ទៀតផង។
សូមបញ្ជាក់ថា សន្និបាតសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍នេះរៀបចំឡើង ស្របពេលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ នៅរាជធានីភ្នំពេញដែលនឹងចាប់ផ្ដើមការប្រកួតផ្លូវការពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនាចុងសប្ដាហ៍នេះ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានអត្តពលិក ៩ប្រទេសចូលរួមគឺមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ និងប្រ៊ុយណេ ពោលគឺអវត្ដមានតែមីយ៉ាន់ម៉ា និងទីម័រខាងកើតតែប៉ុណ្ណោះ៕
អត្ថបទ៖ លី ឈុនឡា