ក្រុមអាជ្ញាធរលីបង់បាននិយាយថាចំនួនអ្នកស្លាប់បានឡើងដល់៥២នាក់ និង១៥៤នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅទីក្រុងបេរូត និងភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃចន្ទ២មីនាសប្ដាហ៍នេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គភាពគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសចំនួន ២២១លើក ក្នុងប្រទេសនេះចាប់តាំងពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះមក។
មុននោះ ក្រសួងសុខាភិបាលលីបង់ បានដាក់ចំនួនអ្នកស្លាប់នៅត្រឹម ៣១នាក់ និងមនុស្ស ១៤៩នាក់ផ្សេងទៀតរងរបួស។

ការវាយប្រហារទាំងនេះបានកើតឡើងបន្ទាប់ពីក្រុមហេសបូឡាបាននិយាយថា ខ្លួនបានកំណត់គោលដៅទីតាំងយោធាមួយនៅភាគខាងជើងប្រទេសអ៊ីស្រាអែលដោយរ៉ូកែត និងយានដ្រូន ជាច្រើន ឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តលើប្រទេសលីបង់ និងការវាយលុកយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

ចាប់តាំងពីបទឈប់បាញ់ជាមួយក្រុមហេសបូឡាបានចូលជាធរមាននៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ អ៊ីស្រាអែលបានបន្តការរំលោភបំពានស្ទើរតែរាល់ថ្ងៃនៅក្នុងប្រទេសលីបង់ ដែលបានសម្លាប់មនុស្សរាប់រយនាក់។
អ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករបស់ខ្លួនប្រឆាំងនឹងប្រទេសលីបង់នៅក្នុងខែតុលា ឆ្នាំ២០២៣ ហើយបានដុតបញ្ឆេះទៅជាសង្គ្រាមពេញបន្ទុកនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ដោយបានសម្លាប់មនុស្សជាង ៤.០០០នាក់ និងរបួសប្រហែល ១៧.០០០នាក់៕