ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានអំពាវនាវឱ្យមានសន្តិភាព និងការការពារជនស៊ីវិលកាលពីថ្ងៃចន្ទ ទី២ ខែមីនា បន្ទាប់ពីការកើនឡើងជម្លោះនៅមជ្ឈិមបូព៌ា កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ដោយថ្កោលទោសការទម្លាក់គ្រាប់បែកលើសាលារៀនក្មេងស្រីមួយកន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ និងសង្កត់ធ្ងន់លើការបាត់បង់ជីវិតមនុស្សនៅក្នុងអំពើហិង្សាបែបនេះ។

លោកស្រី Sheinbaum បានថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានថា «វាពុំមែនជាបញ្ហាថាតើមនុស្សម្នាក់យល់ស្របជាមួយរបបនេះ ឬរបបមួយផ្សេងទៀតនោះទេ វាគឺជាអាយុជីវិតប្រជាជនស៊ីវិល»។ «នោះហើយជាមូលហេតុដែលការអំពាវនាវរបស់ប្រទេសម៉ិកស៊ិក តែងតែស្វែងរកដំណោះស្រាយដោយសន្តិវិធីនៃជម្លោះ»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានប្រកាសពីការស្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា។ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រ ថា សាកសពមេដឹកនាំអ៊ីរ៉ង់ ត្រូវបានគេឃើញបន្ទាប់ពីការវាយប្រហារ ហើយប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ីស្រាអែល ដើម្បីកំណត់គោលដៅអ្នកដែលបានដឹកនាំអ៊ីរ៉ង់ចាប់តាំងពីឆ្នាំ ១៩៨៩ មក។ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានពណ៌នាការវាយប្រហារនេះថាជា «ទង្វើ គួរឱ្យស្អប់ខ្ពើម» ហើយបានសម្តែងការចូលរួមរំលែកទុក្ខ ដោយចាត់ទុកថាជាការរំលោភលើច្បាប់អន្តរជាតិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សនៅក្នុងការបង្ហោះ ដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម។ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានរិះគន់ការវាយប្រហាររបស់អ៊ីស្រាអែល ដែលត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅលើសាលារៀន និងមន្ទីរពេទ្យកុមារនៅក្នុងប្រទេសអ៊ីរ៉ង់ និងបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ចប់សម្ព័ន្ធភាពរបស់ខ្លួនជាមួយអ៊ីស្រាអែល។ លោកបានតស៊ូមតិសម្រាប់សន្និសីទសន្តិភាពនៅមជ្ឈិមបូព៌ា និងការបង្វែរចេញពីវិធីសាស្រ្តយោធានិយមដើម្បីដោះស្រាយភាពតានតឹងនៅក្នុងតំបន់។