លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) បង្ហាញក្តីទុក្ខដ៏សោកសៅរបស់លោកជំទាវជូនចំពោះជនភៀសសឹកកម្ពុជា ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងវត្តធម្មរស្ស៊ី ហៅវត្តសំពៅលូន ខេត្តសៀមរាប។

ការបង្ហាញក្តីឈឺចាប់នេះ ក្នុងដំណើរទស្សនកិច្ចរបស់ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានចុះមកសួរសុខទុក្ខ ជនភៀសសឹក កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងវត្តធម្មរស្ស៊ី នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។
លោកជំទាវថ្លែងទៅកាន់ជនភៀសសឹក ទាំងអារម្មណ៍ក្តីក្តុកក្តួលនៅពេលមើលឃើញពីទុក្ខលំបាករបស់ជនភៀសសឹកកម្ពុជារងពីសង្រ្គាម។ ការយល់ពីទុក្ខរបស់ជនភៀសសឹកកម្ពុជារបស់លោកជំទាវ ក៏ព្រោះតែលោកជំទាវក៏ធ្លាប់ឆ្លងកាត់ទុក្ខលំបាក់ដូចគ្នា ត្រូវជម្លៀសគេចចេញពីសង្គ្រាមដែលបានកើតឡើងនៅប្រទេសរបស់គាត់កាលពីអតីតកាល។

លោកជំទាវ មានប្រសាសន៍ថា៖ «ខ្ញុំគិតថា ខ្ញុំយល់អំពីអារម្មណ៍អ្នកទាំងអស់គ្នា ទោះខ្ញុំមិនយល់ទាំងអស់ ប៉ុន្តែក្នុងនាមខ្ញុំជាអ្នកធ្លាប់ឆ្លងកាត់នូវស្ថានភាពបែបនេះ ខ្ញុំយល់ពីការកំបាករបស់អ្នកទាំងអស់គ្នា។ ក្នុងនាមខ្លួនខ្ញុំ ជាប្រជាជនម្នាក់ធ្លាប់ឆ្លង់កាត់ការរងគ្រោះ ដោយសារសង្គ្រាម ធ្លាប់ធ្វើការបំលាសទី ហើយខ្ញុំស្ថិតនៅក្នុងគ្រួសារមួយមានសមាជិកច្រើនកាលពីទសវត្សរ៍ទី៦០នោះ ខ្ញុំក៏ធ្លាប់ផ្លាស់ទីមកក្បែរទីក្រុង ដើម្បីរស់នៅ។ការលំបាកទាក់ទងនឹងការបំផ្លាស់ទី ខ្ញុំធ្លាប់ឆ្លង់កាត់ ខ្ញុំដឹងពីទុក្ខលំបាក។ ខ្ញុំសូមបង្ហាញពីសាមគ្គីភាពអំពីសមាជិកទាំងអស់និយាយភាសាបារាំងជូនចំពោះអ្នកទាំងអស់គ្នា»។

ជាចុងក្រោយ លោកជំទាវជូនពរឱ្យជនភៀសសឹកឆ្លង់កាត់ពេលវេលាដ៏លំបាកនេះឱ្យបានឆាប់បំផុត ដោយលោកជំទាវសង្ឃឹមថា នឹងរកដោះស្រាយបានឆាប់ៗ ដើម្បីឱ្យជនភៀសសឹករស់នៅក្នុងជីវភាពជាធម្មតាវិញនៅក្នុងពេលឆាប់ៗ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវដឹកនាំគណៈប្រតិភូជាសមាជិកនិយាយភាសាបារាំង មកពីប្រទេសប៊ែលហ្សិក, បារាំង, ហ្ស៊ីនីហ្គាល,កម្ពុជា និងរ៉វ៉ាន់ដា ជាដើម៕ អត្ថបទ៖ ធូ វិរៈ




