អ៊ីរ៉ង់បានប្រកាសថា ច្រកសមុទ្រ Hormuz (ហ័រមូស) ត្រូវបានបិទ កាលពីថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) ហើយបានគំរាមវាយប្រហារនាវាណាមួយ ដែលព្យាយាមឆ្លងកាត់ចំណុចបិទខ្ទប់ជាយុទ្ធសាស្ត្រនេះ ខណៈដែលយោធាអាមេរិក បានឲ្យដឹងថា សមាជិកយោធាអាមេរិកចំនួន ៦នាក់ បានបាត់បង់ជីវិត អំឡុងជម្លោះដែលកំពុងកើនឡើងជាមួយអ៊ីរ៉ង់។
លោក Ebrahim Jabari ទីប្រឹក្សាជាន់ខ្ពស់របស់អគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រាប់ទូរទស្សន៍រដ្ឋថា ផ្លូវទឹកនេះត្រូវបានបិទ ហើយកងកម្លាំងជើងទឹកនឹងដុតនាវាណាដែលព្យាយាមឆ្លងកាត់។ លោកបានបន្ថែមថា «យើងនឹងមិនអនុញ្ញាតឲ្យប្រេងត្រូវបាននាំចេញពីតំបន់នេះនោះទេ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។

ការកត់សម្គាល់នេះបានកើតឡើង ខណៈដែលក្រុមហ៊ុនដឹកជញ្ជូន ក្នុងនោះរួមមានទាំង Maersk និង MSC បានបញ្ឈប់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រតូចចង្អៀតនេះរួចហើយ ជាទីដែលមានប្រហែល ១ភាគ៥ នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ទូទាំងពិភពលោក ក្នុងអំឡុងពេលថ្លៃធានារ៉ាប់រងឡើងខ្ពស់ និងមានការព្រមានពីអ៊ីរ៉ង់។
ខណៈជម្លោះកំពុងមានយ៉ាងខ្លាំងក្លា ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានបញ្ជាក់ថា ចំនួនអ្នកស្លាប់របស់សមាជិកអាមេរិក បានកើនឡើងដល់ ៦នាក់ហើយ បន្ទាប់ពីបានរកឃើញសាកសពពីទីកន្លែងត្រូវបានវាយប្រហារ ក្នុងអំឡុងពេលមានការវាយប្រហារសងសឹកដំបូងរបស់អ៊ីរ៉ង់ ក្នុងនោះរួមទាំងការវាយប្រហារលើមជ្ឈមណ្ឌលប្រតិបត្តិការបណ្តោះអាសន្ន នៅកំពង់ផែ Shuaiba របស់ប្រទេសគុយវ៉ែតផងដែរ។ ការស្លាប់ទាំងនេះ គឺជាសមាជិកសេវាកម្មអាមេរិកដំបូងគេ ដែលត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ៕


