រុស្ស៊ី៖ លោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីនឹងស្វែងរកការទូទាត់សាច់ប្រាក់ជារូបិយប័ណ្ណប្រាក់រូប្លិ៍របស់រុស្ស៊ី សម្រាប់ការលក់ឧស្ម័នទៅឲ្យបណ្ដាប្រទេសអមិត្ត ដែលនាំឲ្យតម្លៃឧស្ម័ននៅសហភាពអឺរ៉ុបហក់ឡើងខ្ពស់បង្កជាក្ដីបារម្ភខ្លាំង ដែលបញ្ហានេះធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ផ្នែកថាមពលរបស់តំបន់នេះ។
ការពឹងផ្អែករបស់ប្រទេសប្លុកអឺរ៉ុបលើឧស្ម័នរបស់រុស្សី និងការនាំចេញផ្សេងទៀតត្រូវបានគេចាប់អារម្មណ៍ខ្លាំង ចាប់តាំងពីការលុកលុយរបស់ទីក្រុង Moscow កាលពីថ្ងៃទី២៤ ខែកុម្ភៈលើអ៊ុយក្រែន និងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីលោកខាងលិច ក្នុងគោលបំណងធ្វើឱ្យរុស្ស៊ីឯកោខាងផ្នែកសេដ្ឋកិច្ច។ លោក Putin បាននិយាយនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ ជាមួយក្រុមរដ្ឋមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលថា ជាការពិតប្រទេសរុស្ស៊ីនឹងបន្តផ្គត់ផ្គង់ឧស្ម័នធម្មជាតិស្របតាមបរិមាណ និងតម្លៃដែលបានព្រមព្រៀងក្នុងកិច្ចសន្យាកាលពីកន្លងទៅ។
លោកបាននិយាយថា ការផ្លាស់ប្តូរនឹងប៉ះពាល់ដល់រូបិយប័ណ្ណនៃការទូទាត់ ដែលនឹងប្តូរទៅជាប្រាក់រូប្លិ៍របស់រុស្ស៊ីតែប៉ុណ្ណោះ។ ឧស្ម័នរុស្ស៊ីមានចំនួនប្រហែល ៤០% នៃការប្រើប្រាស់សរុបរបស់អឺរ៉ុប ហើយការនាំចូលឧស្ម័នទៅសហភាពអឺរ៉ុបពីប្រទេសរុស្ស៊ីបានប្រែប្រួលចន្លោះពី ២០០លានទៅ ៨០០លានអឺរ៉ូ ឬស្មើ ៨៨០លានដុល្លារក្នុងមួយថ្ងៃរហូតមកដល់ពេលនេះ។ លទ្ធភាពនៃការផ្លាស់ប្ដូររូបិយប័ណ្ណអាចធ្វើឲ្យការជួញដូរនោះ ធ្លាក់ទៅក្នុងភាពច្របូកច្របល់បានធ្វើឱ្យតម្លៃឧស្ម័នលក់ដុំនៅអឺរ៉ុប និងអង់គ្លេសកើនឡើងប្រហែល ១៥-២០% កាលពីថ្ងៃពុធ៕
អត្ថបទ៖ សុខមាន