អ៊ីរ៉ង់ បានរៀបចំពិធីបុណ្យសពសម្រាប់ក្មេងស្រីសិស្សសាលា និងបុគ្គលិក ១៦៥នាក់ ដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នៅក្នុងឧបទ្ទេវហេតុមួយអ៊ីរ៉ង់និយាយថា វាគឺជាការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើសាលារៀនក្មេងស្រី នៅទីក្រុងភាគខាងត្បូង Minab ។
យោធាអ៊ីស្រាអែលអះអាងថា ពួកគេពុំបានដឹងពីការវាយប្រហារណាមួយរបស់អ៊ីស្រាអែល ឬសហរដ្ឋអាមេរិកនៅតំបន់នោះឡើយ ។ ពេញសង្រ្គាមប្រល័យពូជសាសន៍របស់ខ្លួននៅតំបន់ហ្កាហ្សា អ៊ីស្រាអែល បានច្រានចោលការវាយប្រហារស្លាប់មនុស្សជាច្រើនលើជនស៊ីវិលប៉ាឡេស្ទីន រហូតដល់មានភ័ស្តុតាងមិនអាចប្រកែកបាន ទើបពួកគេនិយាយថា ការវាយប្រហារនោះ គឺជារឿងចៃដន្យ ។
លើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ ឃើញមនុស្សរាប់ម៉ឺននាក់ ជួបជុំគ្នានៅលើទីលានចតុរង្គសាធារណៈ ក្នុងទីក្រុង Minab ។ មនុស្សប្រុសនាំគ្នាគ្រវីទង់ជាតិសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ខណៈឈរនៅម្ខាងពីស្រ្តីដែលមានរុំកំណាត់ពណ៌ខ្មៅ ។

ពីលើវេទិកា ស្រ្តីម្នាក់ដែលនិយាយថា គាត់គឺជាម្តាយរបស់ក្មេងស្រី Atena បានកាន់រូបថតសន្លឹកដែលគាត់ចាត់ទុកថាជាឯកសារនៃឧក្រិដ្ឋកម្មរបស់អាមេរិក ។ អ្នកស្រីនិយាយថា ពួកគេបានស្លាប់ តាមផ្លូវរបស់ព្រះ ។ ចំណែកឯហ្វូងមនុស្សនាំគ្នាផ្ទុះសម្រែកថា “ស្លាប់ទៅអាមេរិក” “ស្លាប់ទៅអ៊ីស្រាអែល” “គ្មានឡើយពាក្យថាចុះចាញ់” ។
ការវាយប្រហារនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ក្រោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រកាសការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ ធ្វើឲ្យវាក្លាយជាឧបទ្ទេវហេតុស្លាប់មនុស្សច្រើនបំផុតនៅក្នុងសង្រ្គាមជាមួយទីក្រុងតេអេរ៉ង់ មកទល់នឹងពេលនេះ ដោយមានគោលដៅលើជនស៊ីវិល ៕
