ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) នៅថ្ងៃអង្គារ (ទី៣ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា យ៉ាងហោចណាស់មានជនភៀសសឹកចំនួន ៣០.០០០នាក់ បានស្វែងរកទីសុវត្ថិភាព នៅក្នុងជម្រកស្នាក់នៅ ក្នុងប្រទេសលីបង់ ចាប់តាំងពីអរិភាព រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានកើនឡើងនៅសប្តាហ៍នេះ ខណៈពេលដែលមនុស្សជាច្រើននាក់ទៀត ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីនោះ។
កងទ័ពអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសទូទាំងប្រទេសលីបង់ ចាប់តាំងពីថ្ងៃចន្ទ បន្ទាប់ពីក្រុមហេសបូឡា បានបាញ់រ៉ូកែតទៅអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។
អ្នកនាំពាក្យរបស់ UNHCR លោក Babar Baloch បាននិយាយថា៖ «ការប៉ាន់ស្មានក្នុងកម្រិតទាបបំផុត បង្ហាញថា មនុស្សជិត ៣០.០០០នាក់ ត្រូវបានទទួល និងចុះឈ្មោះនៅក្នុងជម្រកស្នាក់នៅរួម»។ លោកបានបន្ថែមថា៖ «មនុស្សជាច្រើននាក់ទៀត បានដេកក្នុងឡានរបស់ពួកគេ នៅម្ខាងផ្លូវ ឬនៅតែជាប់នៅក្នុងការកកស្ទះចរាចរណ៍»។
ចំនួនអ្នកភៀសសឹកនឹងកើនឡើងច្រើនទៀត ហើយរហូតមកដល់ពេលនេះ ជម្រកស្នាក់នៅចំនួន ២១កន្លែង ត្រូវបានបើកដោយរដ្ឋាភិបាលលីបង់។ នេះបើយោងតាមកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (UN)។
UNHCR បានបន្ថែមថា ក៏មានការកើនឡើងនូវចំនួនជនភៀសខ្លួនស៊ីរី ដែលធ្វើដំណើរពីលីបង់ត្រឡប់ទៅស៊ីរីវិញ ដោយបន្ថែមថា ខ្លួនកំពុងដាក់ផែនការបន្ទាន់មួយ ក្នុងករណីមានការទៅដល់យ៉ាងច្រើនបន្ថែមទៀត៕