អ្នកវិភាគព្រមានថា ប្រេងបម្រុងរបស់អាស៊ី និងអឺរ៉ុប អាចធ្វើឲ្យធូស្រាលផលប៉ះពាល់ភ្លាមៗនៃសង្គ្រាមនៅមជ្ឈិមបូព៌ាដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ប៉ុន្តែជម្លោះអូសបន្លាយពេលយូរអាចបង្កឱ្យមានការរំខានធំៗ និងការកើនឡើងតម្លៃយ៉ាងខ្លាំង។ នេះជាការពិត ហើយអ្នកជំនាញពិនិត្យមើលលើផលប៉ះពាល់មួយចំនួនដែលអាចកើតមានលើទីផ្សារថាមពលពិភពលោក ពីជម្លោះនៅក្នុងតំបន់ផលិតប្រេងនិងឧស្ម័នសំខាន់មួយ។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេសផលិតប្រេងធំបំផុតទីពីររបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ហើយអ៊ីរ៉ង់មានចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលៗចំនួន១០។

ប្រទេសកាតា ទោះបីជាមានទំហំតូចក៏ដោយ គឺជាអ្នកនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ធំបំផុតទីពីររបស់ពិភពលោក នៅពីក្រោយសហរដ្ឋអាមេរិក។ ប្រទេសគុយវ៉ែត អ៊ីរ៉ាក់ និងអារ៉ាប់រួម ក៏ជាប្រទេសផលិតធំៗផងដែរ។ ច្រកសមុទ្រHormuz ជាច្រកទៅកាន់ឈូងសមុទ្រ ត្រូវបានរារាំងយ៉ាងខ្លាំងដោយអំពើហិង្សានៅក្នុងតំបន់។ ជាធម្មតា ប្រេងប្រហែល២០លានបារ៉ែល ប្រមាណមួយភាគប្រាំនៃការប្រើប្រាស់សកល ឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា ការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសកាតា និងអារ៉ាប់រួម រួមគ្នាបង្ហាញប្រហែល២០ភាគរយនៃការនាំចេញសកល ក៏ត្រូវតែឆ្លងកាត់ចំណុចនេះផងដែរ។
បណ្តាប្រទេសនៅអាស៊ី ក៏ជាប្រទេសរងផលប៉ះពាល់ខ្លាំងទាក់ទងនឹងថាមពល ដោយប្រេង៨០ភាគរយនិងឧស្ម័នជិត៩០ភាគរយ ឆ្លងកាត់ច្រកសមុទ្រ Hormuz។
ប្រទេសចិន គឺជាប្រទេសនាំចូលប្រេងឆៅឈានមុខគេរបស់ពិភពលោក ហើយការផលិតពីបណ្តាប្រទេសឈូងសមុទ្រ មានចំនួនជិតពាក់កណ្តាលនៃការនាំចូលប្រេងរបស់ខ្លួន។ ប្រទេសឥណ្ឌា ពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងឆៅពីប្រទេសអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអ៊ូឌីត ជាពិសេសចាប់តាំងពីសហរដ្ឋអាមេរិក បានដាក់សម្ពាធលើប្រទេសឥណ្ឌាឱ្យកាត់បន្ថយការទិញប្រេងពីប្រទេសរុស្ស៊ី។