បេសកជនប្រចាំអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល លោក Danny Danon បាននិយាយកាលពីថ្ងៃអង្គារ ទី៣ ខែមីនា ថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បច្ចុប្បន្នគ្រប់គ្រងដែនអាកាសអ៊ីរ៉ង់ស្ទើរតែទាំងស្រុង ហើយឧត្តមភាពនេះនឹងលេចចេញជារូបរាងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ លោក Danon បានប្រាប់អ្នកសារព័ត៌មាននៅអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា ជម្លោះជាមួយអ៊ីរ៉ង់ នឹងមិនបញ្ចប់ក្នុងរយៈពេលតែមួយថ្ងៃ ឬមួយសប្តាហ៍នោះទេ។

លោកនិយាយថា «យើងដឹងថា វាពុំមែនជាសង្គ្រាមធម្មតានោះទេ។ យើងដឹងអំពីសមត្ថភាពរបស់របបអ៊ីរ៉ង់។ ពួកគេបានចំណាយប្រាក់រាប់ពាន់លានដុល្លារលើរចនាសម្ព័ន្ធភេរវកម្ម ហើយយើងដឹងថា វានឹងក្លាយជាប្រតិបត្តិការធ្ងន់ធ្ងរ»។ «ប៉ុន្តែវានឹងមិនស្ថិតស្ថេរជារៀងរហូតនោះទេ។ ពេលនេះ យើងមានការគ្រប់គ្រងស្ទើរតែទាំងស្រុងលើដែនអាកាសរបស់អ៊ីរ៉ង់ ហើយប្រាកដថាយើងនឹងអាចបង្ហាញពីឧត្តមភាពនោះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។ នៅពេលត្រូវបានសួរថា តើការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់លើប្រទេសជិតខាងអាចបន្តរយៈពេលប៉ុន្មានទៀត នោះលោក Danon បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ចាប់តាំងពីថ្ងៃសៅរ៍មក ទទួលបានជោគជ័យក្នុងការធ្វើឱ្យសមត្ថភាពរបស់ប្រទេសអ៊ីរ៉ង់ចុះខ្សោយ។

លោក Danon ក៏បាននិយាយផងដែរថា រដ្ឋាភិបាលលីបង់ គួរតែធ្វើសកម្មភាពពេលនេះប្រឆាំងក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលវាយប្រហារអ៊ីស្រាអែលពីទឹកដីលីបង់ ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត។ លោកនិយាយថា នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam ត្រឹមត្រូវក្នុងការនិយាយថា ក្រុមហេសបូឡា ត្រូវតែរំសាយអាវុធ។ លីបង់ ត្រូវបានទាញឲ្យធ្លាក់ចូលទៅក្នុងការរាលដាលនៃសង្គ្រាមកាលពីថ្ងៃចន្ទ នៅពេលដែលក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលមានមូលដ្ឋាននៅទីនោះបានបើកការវាយប្រហារលើអ៊ីស្រាអែល ដោយយានដ្រូន និងមីស៊ីល។