ប្រភពព័ត៌មានស៊ីរី និងលីបង់ចំនួន ៨ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសស៊ីរី បានពង្រឹងព្រំដែនរបស់ខ្លួន ជាមួយលីបង់ ជាមួយនឹងអង្គភាពរ៉ូកែត និងកងទ័ពរាប់ពាន់នាក់ ខណៈដែលជម្លោះ បានរីករាលដាលនៅក្នុងតំបន់ រួមទាំងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅលីបង់។
ប្រភពព័ត៌មានទាំងនោះ រួមមានមន្ត្រីយោធាស៊ីរីចំនួន ៥នាក់ មន្ត្រីសន្តិសុខស៊ីរីម្នាក់ និងមន្ត្រីសន្តិសុខលីបង់ពីរនាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
មន្ត្រីស៊ីរីបាននិយាយថា ប្រតិបត្តិការពង្រឹងកម្លាំងរបស់ស៊ីរី បានចាប់ផ្តើម នៅក្នុងខែកុម្ភៈ ប៉ុន្តែបានបង្កើនល្បឿនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ កងកម្លាំងប្រដាប់អាវុធស៊ីរី និងលីបង់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

មន្ត្រីស៊ីរី រួមទាំងសមាជិកជាន់ខ្ពស់ម្នាក់នៃយោធា បាននិយាយថា ចំណាត់ការនេះ មានគោលបំណងទប់ស្កាត់ការរត់ពន្ធអាវុធ និងគ្រឿងញៀន ក៏ដូចជារារាំងក្រុមហេសបូឡាលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ ឬក្រុមសកម្មប្រយុទ្ធផ្សេងទៀតពីការជ្រៀតចូលប្រទេសស៊ីរី។
មន្ត្រីស៊ីរីម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា កងកម្លាំងយោធាមកពីកងពលកងទ័ពស៊ីរីជាច្រើន រួមទាំងកងពលទី ៥២ និងទី ៨៤ បានពង្រីកវត្តមានរបស់ពួកគេតាមបណ្តោយព្រំដែន នៅភាគខាងលិចនៃតំបន់ជនបទ Homs និងភាគខាងត្បូងនៃទីក្រុង Tartus៕
