សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា អ្នកស្រុកដែលកំពុងពោរពេញដោយភាពភ័យខ្លាចនៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ បានពិពណ៌នាទីក្រុងតេអេរ៉ង់ថាដូច «ទីក្រុងខ្មោច» ដែលស្ងាត់ជ្រងំ កាលពីថ្ងៃអង្គារ (៣ មីនា) ខណៈដងផ្លូវភាគច្រើនពុំមានចរាចរណ៍ទាល់តែសោះ ដោយសារការបាញ់ស្រោចមីស៊ីលពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើកលែងតែប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ និងការល្បាតរបស់កងកម្លាំងឆ្មាំបដិវត្តន៍ ដែលកំពុងចល័តពាសពេញទីក្រុង។
ការវាយប្រហារតាមអាកាសបានសម្លាប់ជនជាតិអ៊ីរ៉ង់រាប់រយនាក់ ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុនមក ខណៈមេដឹកនាំអ៊ីស្រាអែល និងអាមេរិក បានសម្តែងក្តីសង្ឃឹមថា ប្រតិបត្តិការសឹកនេះនឹងជំរុញឱ្យមានការងើបបះបោរតវ៉ាដូចកាលខែមករា ប៉ុន្តែរបាយការណ៍របស់ភ្នាក់ងារព័ត៌មានរ៉យទ័រ មិនបានរកឃើញភស្តុតាងណាមួយដែលថា មានបាតុកម្មជិតកើតឡើងនោះទេ តាមរយៈការសន្ទនាតាមទូរសព្ទជាមួយប្រជាជនអ៊ីរ៉ង់ នៅទូទាំងប្រទេស។

អ្នកស្រុកនៅភាគខាងជើងក្រុងតេអេរ៉ង់ បាននិយាយថា៖ «មានប៉ុស្តិ៍ត្រួតពិនិត្យនៅគ្រប់ដងផ្លូវ និងច្រកល្ហក» ហើយបណ្ដាញអគ្គិសនី និងទឹក ត្រូវបានកាត់ផ្តាច់ ចាប់តាំងពីការទម្លាក់គ្រាប់បែកបានចាប់ផ្តើមមក ដែលធ្វើឱ្យប្រជាជនភ័យខ្លាចកាន់តែខ្លាំងឡើង។ អ្នកស្រុកនិយាយថា ពួកគេគ្រោងចាកចេញពីអ៊ីរ៉ង់ភ្លាមៗ នៅពេលដែលមានសុវត្ថិភាព ប៉ុន្តែសម្រាប់ពេលនេះ ពួកគេមិនហ៊ានចេញទៅណានោះទេព្រោះបារម្ភពីសន្តិសុខតាមដងផ្លូវ។ អ្នកផ្សេងទៀតបាននិយាយថា ការបំផ្លិចបំផ្លាញបានរីករាលដាលយ៉ាងខ្លាំងនៅទូទាំងប្រទេសអ៊ីរ៉ង់។
កំហឹងចំពោះមហន្តរាយដែលកំពុងកើតឡើងក៏តម្រង់ទៅរកបណ្ដាមេដឹកនាំអ៊ីរ៉ង់ផងដែរ។ ព័ត៌មានអំពីមរណភាពរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei កាលពីថ្ងៃសៅរ៍កន្លងទៅ បានជំរុញឱ្យមានការអបអរសាទរស្ទើរទូទាំងប្រទេស ប៉ុន្តែអ្នកគាំទ្រអាជ្ញាធរសាធារណរដ្ឋអ៊ិស្លាមមួយនេះ បានយំសោក និងរៀបចំពិធីកាន់ទុក្ខ។ ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានរ៉យទ័រនិយាយថា មិនទាន់ឃើញមានការវិលត្រឡប់ទៅរកការតវ៉ាទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដែលធ្លាប់បានអង្រួនអ៊ីរ៉ង់ ដូចកាលពីដើមខែមករានោះទេ៕

