កាលពីថ្ងៃអង្គារ (ទី៣ ខែមីនា ឆ្នាំ២០២៦) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងក្រុមរបស់លោក បានប្រញាប់ប្រញាល់បកស្រាយពន្យល់ អំពីមូលហេតុដែលលោកសម្រេចចិត្តវាយប្រហារអ៊ីរ៉ង់ បន្ទាប់ពីអ្នកការទូតជាន់ខ្ពស់របស់លោក បានលើកឡើងថា សហរដ្ឋអាមេរិកបានបើកប្រតិបត្តិការ លុះត្រាណាតែបានដឹងអំពីការវាយប្រហាររបស់អ៊ីស្រាអែលជិតកើតឡើងប៉ុណ្ណោះ។
កាលពីថ្ងៃចន្ទ ក្រុមប្រជាធិបតេយ្យដែលបញ្ជាក់ថា មានតែសភាប៉ុណ្ណោះដែលអាចប្រកាសសង្គ្រាមបាន ក៏ដូចជាអ្នកគាំទ្រចលនា MAGA (ធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀត) ជាច្រើនរបស់លោក Trump បានមានក្ដីបារម្ភ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បាននិយាយថា «យើងដឹងថា នឹងមានវិធានការរបស់អ៊ីស្រាអែល»។
លោក Rubio បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងដឹងថា វានឹងបង្កឲ្យមានការវាយប្រហារលើកងកម្លាំងអាមេរិក ហើយយើងដឹងថា ប្រសិនបើយើងមិនចាត់វិធានការជាមុន មុនពេលពួកគេចាប់ផ្តើមការវាយប្រហារទាំងនោះទេ យើងនឹងរងគ្រោះថ្នាក់ច្រើនជាងនេះ»។

មន្ត្រីរដ្ឋបាលនេះបានកែសម្រួលការលើកឡើងយ៉ាងឆាប់រហ័ស ដោយទទូចថា លោក Trump បានអនុញ្ញាតឲ្យមានការវាយប្រហារ ពីព្រោះទីក្រុងតេអេរ៉ង់ មិនបានចរចាយ៉ាងម៉ត់ចត់លើកិច្ចព្រមព្រៀង ស្តីពីការកម្រិតមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន ហើយសហរដ្ឋអាមេរិកត្រូវការបំផ្លាញសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់។ ហើយកាលពីថ្ងៃអង្គារ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «មិនមែនទេ។ លោក Marco Rubio មិនបានអះអាងថា អ៊ីស្រាអែលបានអូសទាញលោក Trump ចូលទៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ»។
ជាមួយគ្នានេះ នៅឯកិច្ចប្រជុំមួយ នៅការិយាល័យប្រធានាធិបតី Oval Office ជាមួយអធិការបតីអាល្លឺម៉ង់ លោក Trump បានបញ្ជាក់បន្ថែមថា៖ «ដោយផ្អែកលើរបៀបដែលការចរចា កំពុងដំណើរការ ខ្ញុំគិតថា ពួកគេ (អ៊ីរ៉ង់) នឹងវាយប្រហារមុន។ ហើយខ្ញុំមិនចង់ឲ្យរឿងនោះកើតឡើងទេ។ ដូច្នេះ ប្រសិនបើមានអ្វីមួយ ខ្ញុំប្រហែលជាបានជំរុញឲ្យអ៊ីស្រាអែលចាត់វិធានការឲ្យលឿន»៕


