នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃពុធ (ទី៤ ខែមីនា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ពីការប្រឆាំងរបស់លោក ចំពោះការវាយប្រហារលើអ៊ីរ៉ង់ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយព្រមានថា ជម្លោះនេះប្រថុយធ្វើឲ្យជីវិតរបស់មនុស្សរាប់លាននាក់ស្ថិតក្នុងហានិភ័យ។

លោក Sanchez បានឆ្លើយតបបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកាត់ផ្តាច់ពាណិជ្ជកម្មជាមួយទីក្រុងម៉ាឌ្រីដ ជុំវិញជំហររបស់ខ្លួន ពាក់ព័ន្ធនឹងជម្លោះនេះ។ អំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ លោក Sanchez បានលើកឡើងថា៖ «នេះគឺជារបៀបដែលគ្រោះមហន្តរាយដ៏ធំរបស់មនុស្សជាតិចាប់ផ្តើមឡើង។ អ្នកមិនអាចធ្វើឲ្យជោគវាសនារបស់មនុស្សរាប់លាននាក់ស្ថិតក្នុងហានិភ័យបានទេ»។
គួរបញ្ជាក់ថា ភាពតានតឹង រវាងសម្ព័ន្ធមិត្តអង្គការណាតូ (NATO) ទាំង២ បានកើនឡើង បន្ទាប់ពីលោក Sanchez បានថ្កោលទោសការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ថា ជាការធ្វេសប្រហែស និងខុសច្បាប់ ហើយក្រោយមកបានហាមឃាត់យន្តហោះអាមេរិកមិនឲ្យប្រើប្រាស់មូលដ្ឋានទ័ពជើងទឹក និងអាកាស នៅភាគខាងត្បូងអេស្ប៉ាញ សម្រាប់ការវាយលុកប្រឆាំងនឹងទីក្រុងតេអេរ៉ង់។
លោក Sanchez បានបញ្ជាក់ថា ពិភពលោកមិនអាចដោះស្រាយបញ្ហាដោយជម្លោះ និងគ្រាប់បែកបានឡើយ។ លោកបាននិយាយថា៖ «ជំហររបស់រដ្ឋាភិបាលអេស្ប៉ាញអាចសង្ខេបជាបួនពាក្យបាន នោះគឺ គ្មានទេសង្គ្រាម»៕
