ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនានេះ កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល បានទទួលថវិកាពីសប្បុសរជនចំនួន ៤ក្រុមផ្សេងៗគ្នា ដែលបានចូលរួមឧបត្ថម្ភថវិកាតាមសទ្ធាជ្រះថ្លា ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» សម្រាប់ទុកបន្ត ជួយសង្គ្រោះដល់ ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។
ដើម្បីចូលរួមក្នុងវិស័យមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២២ នៅថ្ងៃទី២៤ ខែ មីនានេះ មានសប្បុជនចំនួន៤ក្រុមផ្សេងៗគ្នា បានចូលរួមបរិច្ឆាគថវិកាជូនដល់កាកបាទក្រហមកម្ពុជាសរុបបានចំនួន ៥១៨១៨ដុល្លារ និង១លាន២សែនរៀល។ ថវិកាទាំងនេះបានទទួលពីក្រុមសប្បុរសជនរួមមាន៖
ទី១. ក្រុមគ្រួសារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន
ទី២. ក្រុមគ្រួសារភិរិយាមន្រ្តីថ្នាក់ដឹកនាំ៣នាក់ផ្សេងទៀត ដែលដឹកនាំដោយលោកជំទាវ ងួន ធួន មិនឃិន
ទី៣. លោក ផែង វណ្ណះ
ទី៤. ក្រុមមន្រ្តី បុគ្គលិក អគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិកា កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ២០២២នេះ គឺដើម្បីធ្វើឱ្យសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាក ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ នេះជាទង្វើមួយជួយដល់សង្គម និងអាចជួយឲ្យប្រជាជនខ្មែរ ដែលកំពុងជួបការលំបាក ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ៕ អត្ថបទ៖ សំ ងីម


